(វ៉ាសូវី)៖ ជំនួយការប្រធានាធិបតីប៉ូឡូញ បានឲ្យដឹងថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានមកដល់ប៉ូឡូញហើយនៅថ្ងៃពុធនេះ ខណៈនេះជាដំណើរទស្សនកិច្ចមកកាន់ប្រទេសជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ដែលជារឿយៗតែងជំរុញឲ្យមានការគាំទ្រផ្នែកយោធា និងនយោបាយពីលោកខាងលិច សម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

លោក ម៉ាចស៉ីន ភឺហ្ស៉ីដាច (Marcin Przydacz) បានប្រាប់ទូរទស្សន៍ឯកជន TVN24 នៅថ្ងៃពុធនេះថា «ខ្ញុំអាចនិយាយបានថា លោកប្រធានាធិបតី ហ្សេលេនស្គី បានឆ្លងចូលមកព្រំដែនប៉ូឡូញហើយ»។ ដោយឡែក កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ភឺហ្ស៉ីដាច បាននិយាយថា «ដំណើរទស្សនកិច្ចនេះ គួរតែត្រូវបានកំណត់ថាជាសញ្ញានៃភាពជឿទុកចិត្ត និងអរគុណចំពោះប៉ូឡូញ»។

លោក ហ្សេលេនស្គី នឹងជួបប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេច ឌូដា (Andrzej Duda) និងលោក ម៉ាតេអ៊ូស ម៉ូរ៉ាវាស្គី (Mateusz Morawiecki) នាយករដ្ឋមន្ត្រីប៉ូឡូញ ហើយថ្លែងសុន្ទរកថាទៅកាន់ជនភៀសខ្លួនអ៊ុយក្រែន និងប្រជាជនប៉ូឡូញ ផងដែរ។ យ៉ាងនេះក្តី ដំណើរទស្សនកិច្ចរបស់ លោក ហ្សេលេនស្គី ធ្វើឡើងចំពេលមានកំហឹងកាន់តែខ្លាំងឡើងនៅតំបន់ជនបទនៃប្រទេសប៉ូឡូញ ជុំវិញផលប៉ះពាល់ពីការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលបានជំរុញឲ្យតម្លៃធ្លាក់ចុះនៅក្នុងប្រទេសមួយចំនួន នៃតំបន់ផ្នែកខាងកើតរបស់សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា ប៉ូឡូញបានទទួលយកជនភៀសខ្លួនអ៊ុយក្រែនជាង ១លាននាក់ក្នុងរយៈពេល ១៣ខែនៃសង្គ្រាមមកនេះ ហើយក៏ជាសមាជិកណាតូដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ចុះបញ្ចូលឲ្យមហាអំណាចលោកខាងលិចផ្សេងទៀត ឲ្យផ្គត់ផ្គង់រថក្រោះប្រយុទ្ធ និងសព្វាវុធផ្សេងទៀតដល់អ៊ុយក្រែនផងដែរ៕