(តេហេរ៉ង់)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៉ីរ៉ង់បានឱ្យដឹងថា ខ្លួនបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំអេមីរ៉ាត់អារ៉ាប់រួមរួចរាល់ហើយ ដែលជា​លើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៦មក ក្នុងគ្រាដែលទំនាក់ទំនងរវាងក្រុមប្រទេសអារ៉ាប់នៅជាប់ឈូងសមុទ្រពែរ្ស ជាមួយទីក្រុងតេហេរ៉ង់ កំពុងមានភាពប្រសើរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

កាលពីខែសីហា ឆ្នាំ២០២២ ខាងអេមីរ៉ាត់អារ៉ាប់រួម បានសម្រេចចាប់ផ្តើមដំឡើងកម្រិតចំណងទាក់ទងជាមួយអ៉ីរ៉ង់ ហើយបាននិយាយថា ខ្លួនក៏នឹងត្រឡប់ឱ្យមាន ឯកអគ្គរដ្ឋទូតប្រចាំនៅទីក្រុងតេហេរ៉ង់ជាថ្មីវិញផងដែរ។ អេមីរ៉ាត់អារ៉ាប់រួម បានទម្លាក់កម្រិតទំនាក់ទំនងជាមួយអ៉ីរ៉ង់ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៉ីរ៉ង់ នៅខែមករា ឆ្នាំ២០១៦ ក្រោយក្រុមបាតុករអ៉ីរ៉ង់ បានចូលលុកលុយស្ថានទូត​របស់អារ៉ាប៊ីសាអូឌីតនៅទីក្រុងតេហេរ៉ង់ ក្រោយទីក្រុងរីយ៉ាដប្រហារជីវិត បុព្វជិតនិកាយស៉ីអ៉ីតដ៏ល្បីឈ្មោះម្នាក់។

នៅក្នុងការបោះជំហានមួយដើម្បីផ្លាស់ប្តូរអរិភាពជាច្រើនឆ្នាំ រវាងអ៉ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ដែលបានគំរាមកំហែងស្ថិរភាពនិងសន្តិសុខនៃ​តំបន់ឈូងសមុទ្រពែរ្ស ហើយជួយដុតបញ្ឆេះជម្លោះផ្សេងៗនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលរាប់ចាប់តាំងពីយេម៉ែនដល់ស៉ីរីនោះ ទីក្រុងរីយ៉ាដ​កាលពីខែមីនាកន្លងទៅនេះ បានប្រកាសថា ខ្លួននឹងផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយទីក្រុងតេហេរ៉ង់ នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលសម្រេចបានក្រោមការសម្រុះសម្រួលរបស់ចិន។

គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ឯកអគ្គរដ្ឋទូតដែលទីក្រុងតេហេរ៉ង់ ទើបតែងតាំងប្រចាំអេមីរ៉ាត់អារ៉ាប់រួម មានឈ្មោះថា រេហ្សា អាមេរី (Reza Ameri) ដែលធ្លាប់កាន់តួនាទីជា អគ្គនាយកនៃការិយាល័យទទួលបន្ទុកកិច្ចការពាក់ព័ន្ធជនជាតិអ៉ីរ៉ង់រស់នៅស្រុក របស់ក្រសួងការបរទេសអ៉ីរ៉ង់៕