(តូក្យូ)៖ នាថ្ងៃពុធនេះជប៉ុនបានប្រកាសថា ខ្លួនគ្រោងផ្តល់ជំនួយហិរញ្ញវត្ថុដល់បណ្តាប្រទេសជាមិត្ត ដើម្បីជួយពួកគេពង្រឹងវិស័យការពារជាតិ ខណៈវាគឺជាការបោះជំហានដំបូងរបស់ទីក្រុងតូក្យូ ដើម្បីឃ្លាតឆ្ងាយពីគោលការណ៍ជាយូរមកហើយ ដែលហាមឃាត់ជប៉ុនមិនឱ្យប្រើប្រាស់ ការផ្តល់ជំនួយ​បរទេស សម្រាប់គោលបំណងពាក់ព័ន្ធយោធាឡើយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៉ីរ៉ូកាហ្សូ ម៉ាត់ស៊ូណូ (Hikokazu Matsuno) បាននិយាយថា កម្មវិធីថ្មីហៅថាកម្មវិធីផ្តល់ជំនួយ​សន្តិសុខទៅក្រៅប្រទេស (OSA) នឹងធ្វើប្រតិបត្តិការដាច់ដោយឡែកពី កម្មវិធីផ្តល់ជំនួយអភិវឌ្ឍទៅក្រៅប្រទេស (ODA) ដែលច្រើន​ទសវត្សរ៍​មកហើយ បានជួយផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ការងារសាងសង់ផ្លូវថ្នល់ ទំនប់ទឹក ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធស៉ីវិលដទៃៗទៀត។ យ៉ាងណាក្តី យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន កម្មវិធីជំនួយ OSA នឹងមិនត្រូវប្រើប្រាស់ ដើម្បីទិញអាវុធដែល​ប្រទេសទទួលជំនួយនោះ អាចយកទៅប្រើប្រាស់ក្នុងជម្លោះជាមួយប្រទេសដទៃឡើយ ដោយស្របតាមគោលការណ៍ស្នូលទាំង៣ ដែលគ្របគ្រងលើការនាំចេញសព្វាវុធ របស់ទីក្រុងតូក្យូ។

គួរបញ្ជាក់ថា ការសម្រេចចិត្តពង្រីកបន្ថែម នូវវិសាលនៃការផ្តល់ជំនួយអន្តរជាតិរបស់ខ្លួន ទៅដល់គម្រោងពាក់ព័ន្ធនឹងវិស័យការពារជាតិយ៉ាងដូច្នេះ គឺកើតមានឡើងបន្ទាប់ពីសេចក្តីប្រកាសរបស់ជប៉ុន កាលពីខែធ្នូ ឆ្នាំមុន ស្តីពីផែនការពង្រឹងកម្លាំងយោធាដែលនឹងមើលឃើញ ​ប្រទេសអាស៉ីខាងកើតមួយនេះ បង្កើនការចំណាយលើវិស័យការពារជាតិទ្វេដង ក្នុងរយៈពេល៥ឆ្នាំខាងមុខ ស្របពេលដែលជប៉ុនកំពុងប្រឈម នឹងការកើនឡើងយ៉ាងឆាប់រហ័សនៃអំណាចយោធារបស់ចិន នៅក្នុងតំបន់អាស៉ី៕