(មូស្គូ)៖ វិមានក្រឹមឡាំងបានឱ្យដឹងថា ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) នឹងធ្វើដំណើរមកកាន់ទីក្រុងមូស្គូនាថ្ងៃពុធនេះ ដើម្បីបើកកិច្ចពិភាក្សារយៈពេល២ថ្ងៃ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

កាលពីសប្តាហ៍មុន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់ថា មេដឹកនាំទាំងពីរនឹងជជែកគ្នា អំពីការអំពាវនាវរបស់លោក លូកាសិនកូ ដែលចង់ឱ្យមានបទឈប់បាញ់ជាបន្ទាន់ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងកំលុងជំនួបនាពេលឆាប់ៗ។ ដោយឡែក នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះវិញ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន និងលោក លូកាសិន នឹងពិភាក្សាគ្នាអំពី​បញ្ហាទ្វេភាគីក៏ដូចជាបញ្ហាអន្តរជាតិ កំលុងកិច្ចប្រជុំកំពូលរុស្ស៉ី-បេឡារុស នៅថ្ងៃទី៥-៦ ខែមេសានេះ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូគឺជាខ្នងបង្អែកផ្នែកនយោបាយ និងហិរញ្ញវត្ថុដ៏សំខាន់របស់ទីក្រុងមីនស្កិ៍ ខណៈលោក លូកាសិនកូ បានអនុញ្ញាឱ្យ​លោក ពូទីន ប្រើប្រាស់ទឹកដីបេឡារុស ធ្វើជាកន្លែងឱ្យកងទ័ពរុស្ស៉ីបើកការឈ្លានពានចូលអ៊ុយក្រែនពីភាគខាងជើង កាលពីឆ្នាំមុន។ កាលពីខែមីនា លោក ពូទីន បានប្រកាសថា រុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច នៅបេឡារុស ស្របពេលដែលលោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី បានអះអាងកាលពីថ្ងៃអង្គារថា ការដែលរុស្ស៉ីជួយជំរុញសមត្ថភាពនុយក្លេអ៊ែររបស់​បេឡារុសបែបនេះ គឺដើម្បីឆ្លើយតបចំពោះការដែលហ្វាំងឡង់ ចូលជាសមាជិករបស់បក្សសម្ព័ន្ធយោធាលោកខាងលិច ណាតូ (NATO)៕