(តូក្យូ)៖ ការសិក្សាស្រាវជ្រាវមួយរបស់រដ្ឋាភិបាលជប៉ុន បានរកឃើញថាប្រជាជន ១.៥លាននាក់ដែលស្ថិតក្នុងវ័យធ្វើការ កំពុងរស់នៅដោយការឃុំខ្លួនឯង នៅក្នុងបន្ទប់ ហើយ ២០ភាគរយនៃ អ្នកទាំងនេះ លើកឡើងពីបញ្ហាជំងឺកូវីដ១៩ដែលធ្វើឲ្យពួកគេទៅជាបែបនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

«ហ៉ីគីកូម៉ូរិ» (Hikikomori) ជាភាសាជប៉ុនដែលតំណាងឲ្យអ្នកដែលកម្រចេញពីបន្ទប់ ឬផ្ទះរបស់ពួកគេ។ អ្នកទាំងនោះចេញមកក្រៅដើម្បីទិញទំនិញនៅហាង ឬម៉ាត ក្បែរៗកន្លែងដែលខ្លួនរស់នៅ ប៉ុណ្ណោះ។ បើតាមការសិក្សាដោយការិយាល័យនៃខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ពលរដ្ឋដែលបានរៀបរាប់ខាងលើ តំណាងឲ្យ ២ភាគរយនៃចំនួនប្រជាជនជប៉ុន សរុបដែលមានអាយុពី ១៥ឆ្នាំ ទៅ៦៤ឆ្នាំ។

សម្ពាធនៃសង្គមជប៉ុន អាចធ្វើឲ្យកាន់តែលំបាកដល់ក្រុមមនុស្សដែលចូលចិត្តផ្តាច់ខ្លួនពីសង្គមខាងក្រៅ និងឃ្លាតឆ្ងាយពីមិត្តភ័ក្តិ និងក្រុមគ្រួសារអស់ជាច្រើនខែ ឬរាប់ឆ្នាំ។ ក្រៅពីនេះ វិធានការ តឹងរ៉ឹងដើម្បីទប់ស្កាត់កូវីដ១៩កំឡុងពេលរាតត្បាតដំបូង ក៏អាចរួមចំណែកឲ្យក្រុមមនុស្សទាំងនេះកាន់តែឃ្លាតឆ្ងាយពីសង្គមផងដែរ។

គួរបញ្ជាក់ថា បើនិយាយពីការដាក់ចេញនូវវិធានកាយ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់កូវីដ១៩ របស់ប្រទេសជប៉ុនគឺមានលក្ខណៈធូរស្រាល ធៀបនឹងប្រទេសចិន នូវែលសេឡង់ និងប្រទេសដទៃទៀត។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនបានធ្វើការស្ទង់មតិទៅលើមនុស្សប្រហែល ៣០,០០០នាក់ដែលមានអាយុពី ១០ឆ្នាំទៅ ៦៩ឆ្នាំ ហើយបានទទួលការឆ្លើយតបជាក់លាក់ពីមនុស្សចំនួន ១៣,៧៦៩នាក់ ថាពួកគេកំពុងរស់នៅផ្ដាច់ខ្លួនពីសង្រ្គាមខាងក្រៅ៕