(មូស្គូ)៖ ក្រុមមន្ត្រីស៊ើបអង្កេតរុស្ស៊ី កាលពីថ្ងៃអង្គារសប្តាហ៍នេះបានចោទប្រកាន់ស្រ្តីម្នាក់មានឈ្មោះថា ដារីយ៉ា ត្រេប៉ូវ៉ា (Darya Trepova) អាយុ ២៦ឆ្នាំ ជាអ្នករស់នៅទីក្រុងសាំង ភីតធឺស្បឺក (St Petersburg) ពីបទល្មើសភេរវកម្មដោយត្រូវឃុំខ្លួនជាបណ្តោះអាសន្ន ជុំវិញការសម្លាប់អ្នកសរសេរប្លុកគាំទ្រសង្រ្គាមនៅអ៊ុយក្រែន គឺលោក វ្ល៉ាដ្លិន តាតាស្គី (Vladlen Tatarsky) ដោយ ការបំផ្ទុះគ្រាប់បែក។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៣។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៉ី ដែលធ្វើការងារលើបទឧក្រិដ្ឋកម្មធំៗ បាននិយាយថា ខ្លួនបានចោទប្រកាន់ស្រ្តីឈ្មោះ ត្រេប៉ូវ៉ា ពីបទប្រព្រឹត្ត «អំពើភេរវកម្មរៀបចំឡើងដោយក្រុមមួយដែលបង្កឱ្យ មានការសម្លាប់ដោយចេតនា»។ បទ​ចោទ​នេះ​អាច​ជាប់​ពន្ធនាគារ​អតិបរមា​ ២០​ឆ្នាំ។ គណៈកម្មាធិការនេះចោទថាជនសង្ស័យ បានធ្វើសកម្មភាពតាមការណែនាំពីបុគ្គលតាងនាមឲ្យអ៊ុយក្រែន។ បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី ត្រេប៉ូវ៉ា ត្រូវបានបញ្ជូនចេញពីទីក្រុង St Petersburg ទៅកាន់ទីក្រុងមូស្គូ ជាកន្លែងដែលតុលាការស្រុកបាស្មាន់នី (Basmanny) កាលពីថ្ងៃអង្គារសប្តាហ៍នេះ សម្រេចឃុំខ្លួនរូបនាងជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី២ ខែមិថុនា។

គួរបញ្ជាក់ថា លោក តាតាស្គី ជាបុគ្គលរុស្ស៉ីមួយរូបតែងតែលើកទឹកចិត្តដល់សង្រ្គាមនៅអ៊ុយក្រែន និងមានឈ្មោះពិតថា ម៉ាស៉ីម ហ្វូមីន (Maxim Fomin)។ លោក បានស្លាប់ ក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ក្នុងហាងកាហ្វេ មួយកន្លែងនៅទីក្រុង St Petersburg៕