(ម៉ិកស៉ីកូ)៖ ក្នុងលិខិតមួយផ្ញើជូនប្រធានាធិបតីចិន លោក ស៉ី ជិនពីង ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានស្នើដល់ លោក ស៉ី ឲ្យជួយគ្រប់គ្រងការនាំចេញថ្នាំញៀនហ្វេតានីល (fentanyl) និងបានច្រានចោលការរិះគន់នៅក្នុងសហរដ្ឋអាមេរិកដែលថា ម៉ិកស៊ិកមិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីបញ្ឈប់ការជួញ ដូរថ្នាំអាភៀនសំយោគដែលអាចសម្លាប់ជីវិតមនុស្សមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

លិខិតនោះដែលចុះនៅថ្ងៃទី២២ ខែមីនា មានខ្លឹមសារថា ម៉ិកស៉ិកបាន និងកំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្គត់ផ្គង់ថ្នាំញៀន ប៉ុន្តែត្រូវហ៊ុមព័ទ្ធដោយការរិះគន់ពីក្រុមមនុស្សមួយចំនួន នៅក្នុង សហរដ្ឋអាមេរិក ដែលអ្នកខ្លះចង់ឲ្យទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងប្រទេសម៉ិកស៉ិក ថែមទៀតផង។ លោក ឡូប៉េស អូប្រាដ័រ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមករកអ្នក (លោក ស៉ី ជិនពីង) មិនមែនដើម្បីសុំការគាំទ្រចំពោះមុខការគំរាមកំហែងទាំងនេះទេ ប៉ុន្តែស្នើសុំក្នុងនាមហេតុផលមនុស្សធម៌ ដោយសូមឲ្យអ្នកជួយពួកយើងលើការគ្រប់គ្រង ការដឹកជញ្ជូន ថ្នាំញៀនហ្វិនតានីល ដែលអាចនាំចេញពីប្រទេសចិនមកកាន់ប្រទេសរបស់យើង»

លោក ឡូប៉េស អូប្រាដ័រ បានបន្ថែមថា លិខិតនេះបានលេចចេញជារូបរាងឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សមាជិកសភាសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដែលពួកគេបានស្នើឲ្យលោកប្រាប់ ចិនដើម្បីដោះស្រាយការគំរាមកំហែងនៃការរត់ពន្ធថ្នាំញៀនហ្វេតានី។ យ៉ាងនេះក្តី ស្ថានទូតចិនប្រចាំម៉ិកស៉ិក មិនមានការអត្ថាធិប្បាយភ្លាមៗចំពោះលិខិតនេះនោះ ទេ។

គួរបញ្ជាក់ថា ការដាក់បន្ទុកលើថ្នាំ Fentanyl កើតមានឡើងក្រោយពេលដែលករណីស្លាប់ដោយប្រើថ្នាំប្រភេទនេះជ្រុល កាន់តែកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយសមាជិកសភាមកពី បក្សសាធារណៈរដ្ឋ បានចោទប្រកាន់ម៉ិកស៉ិកពីការខកខានក្នុងការបញ្ឈប់ក្រុមជួញដូរគ្រឿងញៀន ដែលផលិត ជួញដូរថ្នាំបំបាត់ការឈឺចាប់ដ៏មានឥទ្ធិពលនេះ នៅទឹកដីភាគខាងជើង៕