(ហ្ស៊េរុយសាឡិម)៖ ប៉ូលិសអ៉ីស្រាអែល បានឆ្មក់បើកការវាយប្រហារលើជនជាតិប៉ាឡេស្ទីនកំពុងថ្វាយបង្គំរាប់សិបនាក់ នៅឯបរិវេណវិហារ អាល់ អឹកស (Al-Aqsa Mosque) ដោយបណ្ដាលឱ្យ មនុស្សជាច្រើននាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រតិបត្តិការវាយឆ្មក់ខាងលើកើតមានឡើងនៅព្រឹកព្រលឹមថ្ងៃពុធនេះ។ អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ក៏បានឱ្យដឹងដែរថាមានអ្នករងរបួសជាច្រើននាក់ តែមិនបានបញ្ជាក់ថាមានចំនួនប៉ុន្មាននោះទេ ដោយគ្រាន់តែបន្ថែមថាកងកម្លាំងអ៉ីស្រាអែលបានរារាំងមិនឱ្យក្រុមគ្រូពេទ្យរបស់ខ្លួនចូលទៅកាន់វិហារអាល់ អឹកស ឡើយ។ ដោយឡែក សាក្សីម្នាក់ ជាស្ត្រីចំណាស់ម្នាក់បានប្រាប់ Reuters ទាំងអួលដើមកថារូបគាត់បានរងការប្រើហិង្សាពីប៉ូលិសអ៉ីស្រាអែល។ ស្ត្រីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «នៅពេលនោះ ខ្ញុំកំពុងអង្គុយលើកៅអី សូត្រគម្ពីគួរអាន។ ពួកគេ (ប៉ូលិសអ៉ីស្រាអែល) បានគប់គ្រាប់បែកផ្សែង ហើយម្នាក់ក្នុងចំណោមពួកគេបានវាយចំទ្រូងរបស់ខ្ញុំ។ ខ្ញុំបានត្រឹមតែស្រែកយំ»។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ប៉ូលិសអ៉ីស្រាអែលបាននិយាយថាខ្លួនត្រូវបានបង្ខំចិត្តសម្រុកចូលបរិវេណវិហារអាល់ អឹកស នៅបន្ទាប់ពីកុបករបិទមុខជាច្រើននាក់ បាន ចូលទៅក្នុងវិហារនេះ ប្រដាប់ដោយកាំជ្រួច ដំបង និងដុំថ្ម។