(ហ្វាំងឡង់)៖ ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកទី៣១ នៃអង្គការណាតូហើយនៅថ្ងៃអង្គារ ទី០៤ មេសា ឆ្នាំ២០២៣នេះ នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដែលបានជំរុញឱ្យមានការព្រមានដ៏ខឹងសម្បារអំពី «វិធានការណ៍ឆ្លើយតប» ពីវិមានក្រឹមឡាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣។
ការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនកាលពីឆ្នាំមុន បានធ្វើឱ្យប៉ះពាល់ដល់ទិដ្ឋភាពសន្តិសុខនៅក្នុងទ្វីបអឺរ៉ុប និងបានជំរុញឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតដែលជាអ្នកជិតខាងគ្នា បោះបង់ចោលគោលនយោបាយមិនចូលបក្សសម្ព័ន្ធជាច្រើនទសវត្សរ៍របស់ខ្លួន។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា «កាលពីប៉ុន្មានឆ្នាំមុន ពួកយើងគិតថា វាមិនគួរឱ្យជឿទេ ដែលហ្វាំងឡង់នឹងក្លាយជាសមាជិក។ ឥឡូវនេះ ពួកគេនឹងក្លាយជាសមាជិកពេញលេញនៃសម្ព័ន្ធភាពរបស់យើង ហើយនោះពិតជាប្រវត្តិសាស្ត្រ»។
លោកបានសង្កត់ធ្ងន់ថា «យើងកំពុងលុបបំបាត់លំហដែលក្រុងម៉ូស្គូបានវាយតម្លៃខុសលើការត្រៀមខ្លួនរបស់ណាតូ ក្នុងការការពារហ្វាំងឡង់ ហើយវាពិតជាធ្វើឲ្យហ្វាំងឡង់មានសុវត្ថិភាពជាងមុន»។
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ លោក Antti Kaikkonen បានចាត់ទុកវាថាជា «ស្ថានភាពឈ្នះ-ឈ្នះ» នៅចំពោះមុខពិធីចុងក្រោយដែលបានរៀបចំរួច មុនពេលទង់ជាតិពណ៌ខៀវ និងសរបស់ប្រទេសហ្វាំងឡង់អាចត្រូវបានលើកនៅមុខទីស្នាក់ការរបស់អង្គការណាតូ។
ដោយឡែកសម្រាប់ ក្រុងម៉ូស្គូវិញបានបរិហារទង្វើនេះ ដោយពណ៌នាថា វាជាការវាយប្រហារលើសន្តិសុខ និងផលប្រយោជន៍ជាតិរបស់រុស្ស៊ីធ្ងន់ធ្ងរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «វិមានក្រឹមឡាំងជឿថា នេះគឺជាការធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងចុងក្រោយនៃស្ថានភាព»។
លោកបានបន្ថែមថា «ការពង្រីកណាតូគឺជាការវាយប្រហារលើសន្តិសុខរបស់យើង និងផលប្រយោជន៍ជាតិរបស់រុស្ស៊ី...នេះបង្ខំឱ្យយើងចាត់វិធានការប្រឆាំង ... ទាក់ទងនឹងកលល្បិចនិងយុទ្ធសាស្ត្រទាំងនេះ (របស់លោកខាងលិច)»៕