(វ៉ាស៊ីនតោន)៖ ដំណើរស្វែងរកការកាន់អំណាចជាប្រធានាធិបតីថ្មីអាមេរិកក្នុងឆ្នាំ២០២៤ របស់លោកដូណាល់ ត្រាំបានប្រឈមនឹងឧបសគ្គចំពោះមុខ។ តើឧបសគ្គដែលកំពុងរាំងស្ទះនាពេលនេះ នឹងអាច បញ្ឈប់លោកដូណាល់ត្រាំពីភាពប្តេជ្ញាចិត្តចង់ក្លាយជាប្រធានាធិបតីថ្មីអាមេរិកម្តងទៀតដែរ ឬទេ?
លោក Donald Trump កំពុងប្រឈមមុខនឹងការចាប់ខ្លួន លើការចោទប្រកាន់ជាច្រើនដែល ផ្តើមចេញពីការស៊ើបអង្កេតលើការបង់ប្រាក់ចំនួន ១៣០,០០០ដុល្លាអាមេរិក ដល់តារាថត កុនអាសអាភាស នាង Stormy Daniels ក្នុងឆ្នាំ២០១៦។ លោកដូណាល់ត្រាំអាយុ៧៦ឆ្នាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលប្រឈមមុខនឹង ការចោទប្រកាន់ពីបទឧក្រិដ្ឋ។
តើលោក Trump ត្រូវបានគេចោទប្រកាន់អំពីអ្វី?
នៅក្នុងឆ្នាំ ២០១៦ តារាភាពយន្ដពេញវ័យ Stormy Daniels បានទាក់ទងទៅប្រព័ន្ធផ្សព្វផ្សាយ បង្ហាញការចង់លក់រឿងរបស់នាងអំពីអ្វី ដែលនាងបាននិយាយថាមានទំនាក់ទំនងស្នេហាជា មួយលោក Donald Trump ក្នុងឆ្នាំ២០០៦។
ក្រុមរបស់លោក Trump បានឮអំពីព័ត៌មាននេះ ហើយមេធាវីរបស់លោកឈ្មោះ Michael Cohen បានបង់ប្រាក់ចំនួន ១៣០,០០០ដុល្លាអាមេរិកដល់នាង Daniels ដើម្បីរក្សាភាពស្ងៀមស្ងាត់។ តាម ពិតរឿងនេះវាមិនខុសច្បាប់ទេ។ ប៉ុន្តែ នៅពេលដែល លោក ត្រាំ បានសងប្រាក់វិញ ទៅលោក Michael Cohen វិញ កំណត់ត្រាសម្រាប់ការទូទាត់នោះ បានសរសេរថា វាគឺសម្រាប់ថ្លៃសេវាផ្លូវច្បាប់។ ក្រុមរដ្ឋអាជ្ញានិយាយថា អំពើនោះ វាស្មើនឹងលោក Trump ធ្វើការ ក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដែលជាបទមជ្ឈិមនិងជាបទឧក្រិដ្ឋនៅទីក្រុងញូវយ៉ក។
ព្រះរាជអាជ្ញាក៏អាចចោទថា អំពើនោះគឺបំពាននឹងច្បាប់បោះឆ្នោតបានថែមទៀតដោយសារ តែការប៉ុនប៉ងរបស់លោកដូណាល់ត្រាំ ដើម្បីលាក់ការបង់ប្រាក់របស់គាត់ទៅឱ្យនាង Daniels គឺជាបំណងមួយដោយមិនចង់ឱ្យអ្នកបោះឆ្នោតដឹងថា លោកមានទំនាក់ទំនងស្នេហាជាមួយ នឹងនាងDaniels នោះ ។ ការបិទបាំងរឿងឧក្រិដ្ឋកម្មដោយការក្លែងបន្លំឯកសារ គឺនឹងអាចជាបទឧក្រិដ្ឋ ដែលជាការចោទប្រកាន់កាន់តែធ្ងន់ធ្ងរ។
តើមានអ្វីកើតឡើងចំពោះ លោក ត្រាំ បន្ទាប់?
អយ្យការប្រចាំទីក្រុងញូវយ៉ក លោក Alvin Bragg បានបង្កើតគណៈវិនិច្ឆ័យ ដើម្បីស៊ើបអង្កេត ថាតើមានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តការកាត់ទោសដែរឬទេ? ប៉ុន្តែពួកគេបានបោះ ឆ្នោត កាលពីសប្តាហ៍មុនថា ត្រូវតែធ្វើរឿងនេះជាបន្ត។ សវនាការកំណត់ការចោទប្រកាន់ ដល់លោក ដូណាល់ ត្រាំ ត្រូវធ្វើវេលារសៀលម៉ោង២និង១៥នាទី នាសង្កាត់ Manhattan ក្នុងក្រុងញូយ៉ក ដែលត្រូវនឹងម៉ោង១និង១៥នាទីយប់ឈានចូលថ្ងៃពុធម៉ោងក្នុងប្រទេសកម្ពុជា។
តុលាការនាពេលនោះនឹងអាននូវបទចោទប្រកាន់ប្រាប់រូបលោក រួមនឹងផ្តល់យោបល់ដល់រូប លោកអំពីកំហុសដែលចោទប្រកាន់ និងពន្យល់អំពិសិទ្ធិតាមធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។ មេធាវីរបស់លោក ដូណាល់ ត្រាំ គឺលោក Joe Tacopina បានថ្លែងថា លោក ដូណាល់ ត្រាំ គ្មាន កំហុសអ្វីនោះឡើយ និងលោកប្តេជ្ញាការពារតស៊ូការប្រយុទ្ធដោយពាក្យសម្តីទៅវិញដើម្បីបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនមានកំហុសចំពោះរឿងនោះទេ។
ក្រុមអ្នកច្បាប់របស់ លោក ត្រាំ បាននិយាយថា ក្នុងសវនាការថ្ងៃអង្គារ៍ទី៣មេសា លោក ដូណាល់ត្រាំ នឹងមិនត្រូវបានគេដាក់ខ្នោះដៃនោះឡើយ ហើយតុលាការអាចយល់ព្រមផ្តល់ សិទ្ធិឱ្យលោកដូណាល់ត្រាំនូវច្រកចូលជាឯកជនមួយទៅកាន់តុលាការ ជំនួសការដើរជាធម្ម តានៅចំពោះមុខនៃក្រុមប្រព័ន្ធផ្សព្វផ្សាយ។
ទោះយ៉ាងណាក៏ដោយ ខណៈស្ថិតនៅខាងក្នុង លោក ត្រាំ នឹងត្រូវបានគេយកស្នាមម្រាមដៃ ហើយលោកនឹងត្រូវគេថតរូបដូចជាជនជាប់ចោទទាំងអស់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌផងដែរ។ លោក ដូណាល់ ត្រាំ នឹងត្រូវបានគេអានឱ្យស្តាប់នូវសិទ្ធិ "Miranda" របស់លោកដោយការរំលឹករូបលោកអំពីសិទ្ធិការពារដោយរដ្ឋធម្មនុញ្ញ និងបដិសេធដោយមិនត្រូវនិយាយ ជាមួយប៉ូលីសឡើយ។ ក្នុងដំណើរត្រូវរង់ចាំមុនការបង្ហាញខ្លួនជាសាធារណៈនៅមុខតុលាការ លោកដូ ណាល់ ត្រាំនឹងត្រូវបានអមដោយភ្នាក់ងារសម្ងាត់ស្ថិតក្នុងបន្ទប់ណាមួយ ឬនៅកន្លែង ឃុំណាមួយនោះសិន។
សវនាការកំណត់ការចោទប្រកាន់នេះ មិនមែនជាសវនាការកាត់ទោសនោះទេ។ លោកដូ ណាល់ត្រាំនឹងរំពឹងការដោះលែងស្ថិតនៅក្រៅឃុំ ដើម្បីលោកអាចធ្វើដំណើរវិលត្រឡប់ទៅកាន់រដ្ឋ Florida ដើម្បីជួបជាមួយនឹងអ្នកគាំទ្រ។ លោកដូណាល់ ត្រាំ ត្រូវគេជូនដំណឹងថា លោកគ្រោងនឹងថ្លែងសុន្ទរកថា ប្រាប់អ្នកគាំទ្រក្នុងរដ្ឋ Florida វេលាម៉ោង៨និង១៥នាទីយប់ថ្ងៃ ដដែលនោះ។
ការផ្តន្ទាទោសណាមួយលើបទមជ្ឈិម លទ្ធផលនឹងនាំឱ្យមានការផាកពិន័យមិនមែនជាការ ជាប់ពន្ធនាគារឡើយ…ប៉ុន្តែប្រសិនបើ លោក ត្រាំ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនោះវិញ លោកនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារកម្រិតអតិបរមាចំនួន ៤ឆ្នាំ។ ក្រុមអ្នកជំនាញផ្នែកច្បាប់ខ្លះបានព្យាករណ៍ថា រឿងរបស់លោកដូ ណាល់ត្រាំ នឹងមិនអាច ឈានដល់ការជាប់ពន្ធនាគារនោះទេ ប៉ុន្តែអាចនឹងជាប់នឹងការផ្តន្ទាទោសផាកពិន័យ។ ប៉ុន្តែ វាគ្រាន់តែជាការរំពឹងនៃភាពស្មានតែប៉ុណ្ណោះ៕
តើលោកដូណាល់ត្រាំនៅតែអាចឈរឈ្មោះជាប្រធានាធិបតីបានដែរឬទេ?
សេចក្តីរាយការណ៍បង្ហាញថា ការចោទប្រកាន់ ឬសូម្បីតែការកាត់ទោសព្រហ្មទណ្ឌក៏ដោយ ក៏នឹងមិនរារាំង លោក ត្រាំ ពីការបន្តយុទ្ធនាការប្រធានាធិបតីរបស់លោកបានដែរ ប្រសិន បើលោកត្រូវជ្រើសរើសធ្វើដំណើរឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមែននោះ។ ម្យ៉ាងទៀត លោក ដូណាល់ ត្រាំ បានបង្ហាញគ្រប់ពេលវេលាថា លោកនឹងបន្តការធ្វើដំណើរទៅមុខក្នុង យុទ្ធនាការឈរឈ្មោះជាប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២៤ បើទោះបីជាមានអ្វីកើតឡើងក៏ដោយ។
តាមពិតទៅ មិនមានអ្វីនៅក្នុងច្បាប់របស់សហរដ្ឋអាមេរិក ដែលរារាំងបេក្ខជនដែលគេបាន រកឃើញថា មានពិរុទ្ធនៃបទឧក្រិដ្ឋមិនឱ្យធ្វើការឃោសនាបោះឆ្នោត និងធ្វើជាប្រធានាធិបតីនោះទេ សូម្បីតែចេញពីពន្ធនាគារក៏ដោយ។ ប៉ុន្តែបើសិនជាមានការចាប់ខ្លួន លោក ត្រាំ វាអាចនឹងធ្វើឱ្យយុទ្ធនាការប្រធានាធិបតីរបស់លោកនឹងមានភាពស្មុគស្មាញ។
ក្រុមអ្នកអភិរក្សជឿថា ការធ្វើចំពោះលោកដូណាល់ត្រាំនេះ មានលក្ខណៈស្តង់ដារយុត្តិធម៍ខុសគ្នា ខណៈពេលដែលពួកក្រុមសេរីនិយម បានចាត់ទុកបញ្ហានេះថាជាបញ្ហា នៃការអនុវត្ត ចំពោះអ្នកបំពានច្បាប់ សូម្បីតែអ្នកដែលមានអំណាចខ្ពស់បំផុត ក៏ត្រូវទទួលខុសត្រូវដែរ។ សារុបមកវិញ សវនាការតុលាការថ្ងៃអង្គារ៍ ទី៣ មេសាឆ្នាំ២០២៣ក្នុងក្រុងញូយ៉កសហរដ្ឋអាមេរិកនោះ គឺជាសវនាការបញ្ជាក់ទោសដែលលោកត្រូវប្រឈមចំពោះមុខតែប៉ុណ្ណោះ ចំណែក ការកាត់ទោសនឹងរំពឹងធ្វើនាពេលខាងមុខ៕