(តូក្យូ)៖ ប្រទេសជប៉ុនបានថ្លែងថា គេបានរកឃើញរបៀបប្រើអាវុធឡាស៊ែរសសៃម្យ៉ាងដែលអាច មានលទ្ធភាពបាញ់ដ្រូនរបស់សត្រូវ។ ការរកឃើញប្រព័ន្ធអាវុធទំនើបនេះ បានទន្ទឹមនឹង ភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាន់តែកើនឡើងគួរឱ្យកត់សម្គាល់។

ខណៈដែលពិភពលោកកំពុងប្រើប្រាស់ដ្រូនជាអាវុធដ៏សាហាវដើម្បីកម្ទេចគោលដៅសត្រូវរបស់ខ្លួននោះ ប្រទេសជប៉ុនក៏បានរកឃើញប្រព័ន្ធអាវុធទំនើបប្រើប្រាស់សសៃ Fiber Laser សម្រាប់ទប់ទល់និងការបាញ់កម្ទេចវិញផងដែរ។ នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុនជប៉ុនបានរកឃើញអាវុធប្រភេទថ្មីនេះ។

ក្រុមហ៊ុនការពារជាតិជប៉ុនចំនួនពីរ បានបង្ហាញគំរូនៃអាវុធឡាស៊ែរថាមពលខ្ពស់របស់ពួក គេ ដើម្បីបាញ់ទម្លាក់ដ្រូនរបស់សត្រូវ។ គំរូនៃអាវុធនោះត្រូវបានដាក់បង្ហាញ ក្នុង
អំឡុងពិព័រណ៍ឧបករណ៍ការពារនិងសន្តិសុខអន្តរជាតិ (DSEI) ដែលបានបញ្ចប់នាពេល ថ្មីៗនេះនៅ ទីក្រុងតូក្យូ។

ក្រុមហ៊ុន Mitsubishi Heavy Industries (MHI) បានបង្ហាញឡាស៊ែរសរសៃ Fiber Laser កម្លាំង ១០ គីឡូវ៉ាត់ ដែលអាចវាយប្រហារលើដ្រូនចម្ងាយ ១.២គីឡូម៉ែត្រ ប្រមាយ ០.៧ ម៉ាយល៍ ពី ចម្ងាយដោយប្រើរយៈពេលតែប្រមាណ២ទៅបីនាទីតែប៉ុណ្ណោះ។ ប្រព័ន្ធប្រឆាំងដ្រូនរបស់សត្រូវនេះ អាចត្រូវបានបំពាក់នៅលើយានជំនិះលើដីគោក ហើយ អាចប្រើប្រាស់ដោយអង្គភាពនៃកងកម្លាំងអាកាស កម្លាំងទ័ពជើងទឹកនិងកម្លាំងការពារលើដី គោកបានថែមទៀត។

កាសែត The Diplomat បានដកស្រង់សម្តីរបស់មន្ត្រី ក្រុមហ៊ុន Mitsubishi Heavy Industries ម្នាក់ដែលបាននិយាយថា «កងកម្លាំងការពារស្វ័យការពារណាមួយ ក៏អាចប្រើវាបាញ់ពីដីបាន ដរាបណាគេមានបំណងចង់បាញ់ទម្លាក់វត្ថុហោះ»។ មន្ត្រី​ក្រុមហ៊ុន​ម្នាក់​ទៀត​បាន​បញ្ជាក់​ថា ការ​ស្រាវជ្រាវ​​នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់ថាតើប្រព័ន្ធអាវុធឡាស៊ែរនោះ នឹងអាចធ្វើការ​ស្ទាក់​ចាប់​គ្រាប់មីស៊ីលដែល​បាញ់ចូល​មក​បាន​ឬ​យ៉ាងណានោះឡើយ។

សេចក្តីរាយការណ៍បានបង្ហាញ ការស្ទាក់ចាប់មីស៊ីលដោយប្រព័ន្ធអាវុធឡាស៊ែ័រ របស់ជប៉ុន នោះ អាចធ្វើទៅបាន ប្រសិនបើទិន្នផលថាមពលរបស់ឡាស៊ែរនឹងត្រូវបានបង្កើនឡើង។ ក្រុមហ៊ុន Mitsubishi Heavy Industries ត្រូវគេរាយការណ៍ថា មានគំរោងប្រគល់អាវុធ Laser ទំនើបនេះដល់កងកម្លាំងស្វ័យការពារដែនគោក ដែនទឹកនិងដែនអាកាសជប៉ុនដើម្បីសម្រាប់ប្រើប្រាស់។

ចំណែក ក្រុមហ៊ុន Kawasaki Heavy Industries (KHI) នោះវិញ ក៏បាន បង្ហាញនូវប្រព័ន្ធ ប្រឆាំងដ្រូនដែលមានកម្លាំង២ គីឡូវ៉ាត់នោះផងដែរ។ អាវុធនេះ អាចបាញ់ក្នុងចម្ងាយ៧០០ ម៉ែត្រដោយប្រើប្រាស់ឡាស៊ែរសរសៃមួយមីក្រូ ម៉ែត្រ One micrometer band fiber laser។ អាវុធនេះត្រូវបានរចនាឡើងដើម្បីបំពាក់លើរថសណ្តោងធំៗ ពីព្រោះវាត្រូវការការផ្គត់ផ្គង់ ថាមពលធំ និងប្រព័ន្ធលំហូរទឹក ត្រជាក់ដើម្បីដំណើរការ។

យោងតាមក្រុមហ៊ុនដដែលនេះ ប្រព័ន្ធប្រឆាំងដ្រូននេះ វាអាចមានសមត្ថភាពរកឃើញដ្រូន របស់សត្រូវ ដោយប្រើកាមេរ៉ា អ៊ីនហ្វ្រារ៉េដ ដែលអាចតាមដាន និង Lock ដ្រូននោះមិនអាច ឱ្យធ្វើដំណើរចេញរួចពីរង្វង់តាមដាន ហើយបន្ទាប់មកនឹងបាញ់ឡាស៊ែរសរសៃមួយ មីក្រូ ម៉ែត្រនោះដាក់លើគោលដៅ។

ក្រុមហ៊ុន Kawasaki Heavy Industries បានប្រគល់អាវុធគំរូដល់ទីភ្នាក់ងារទទួលទិញបច្ចេកវិទ្យា និងភស្តុភាររបស់ប្រទេសកាលពីខែមុនសម្រាប់ធ្វើការវាយតម្លៃ។ ការ​ធ្វើ​តេស្ត​អាវុធនេះត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ខែ​មេសា។

ជប៉ុនបានរួមចំណែក២១លានដុល្លារនៅក្នុងការបង្ហាញកិច្ចការស្រាវជ្រាវលើប្រព័ន្ធអាវុធឡាស៊ែរនេះ។ ការស្រាវជ្រាវរបស់ជប៉ុនរកអាវុធទំនើបនេះបានធ្វើឡើង ខណៈដែលស្ថានការណ៍ក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកមានសភាពតានតឹង ជាពិសេសក្តីបារម្ភឥទ្ធិពលនៃប្រទេសចិន ដែលសហ រដ្ឋអាមេរិកនិងជប៉ុនចាត់ទុកថាជាការគំរាមក្នុងតំបន់។

នៅជាមួយគ្នានេះផងដែរ សេចក្តីរាយការណ៍បានបង្ហាញថា ប្រទេសចិនបានបញ្ចេញនូវដ្រូន សេរីថ្មីដែលអាចហោះក្នុងកម្ពស់ខ្ពស់បាន និងប្រទេសឥណ្ឌាក៏បានបង្ហាញនូវដ្រូនថ្មីរបស់ខ្លួន ដែលទើបផលិតនោះថែមទៀត។ មានសំណួរបានដាក់ចេញមកថា ហេតុអ្វីបានជាថ្មីៗនេះ មានប្រទេសជាច្រើនបានបង្កើនការ យកចិត្តទុកដាក់ក្នុងការផលិតដ្រូន?

បច្ចុប្បន្នភាពសំខាន់ជាយុទ្ធសាស្ត្រនៃអាវុធតាមផ្លូវអាកាស ត្រូវបានគេប្រើប្រាស់កាន់តែ ច្រើននាពេលចុងក្រោយនេះ នៅក្នុងប្រទេសដែលកំពុងមានសង្គ្រាមដូចជាក្នុងសង្គ្រាមអ៊ុយ ក្រែននិងរុស្ស៊ីជាដើម។ ដ្រូនគឺជា អាវុធមួយប្រភេទដែលគេបានចាត់ទុកថាជាអាវុធ ដ៏ប្រ សើរក្នុងលក្ខខណ្ឌមួយចំនួន។ ក្រុមជំនាញបាននិយាយថា ដ្រូនអាចប្រើក្នុងតំបន់ណាដែល មានឧបសគ្គគ្រោះថ្នាក់ដល់ជីវិតមនុស្ស ដោយដ្រូនអាចមានសមត្ថភាពតាម ដាននិងជាអា វុធវាយប្រហារដាក់លើគោលដៅរបស់សត្រូវ ដោយមិនចាំបាច់មានជំនួយពីមនុស្សឡើយ។ ការប្រើដ្រូនជាអាវុធនេះ មានប្រសិទ្ធិភាពកំចាត់សត្រូវបានយ៉ាងប្រសើរនិង អាចបាញ់ដាក់ លើគោលដៅចំនិងច្បាស់ថែមទៀត។ ម្យ៉ាងទៀតអាវុធដ្រូននេះ ជាអាវុធដែលមាន តម្លៃថោក ជាងអាវុធទំនើបនានាដែលប្រើប្រាស់នៅលើសមរភូមិថែមទៀត៕