(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) សម្រាប់ការបង្ហាញខ្លួនជាលើកដំបូង ចំពោះមុខតុលាការ ដើម្បីប្រឈមនឹងការចោទប្រកាន់ ពាក់ព័ន្ធនឹងការសូកលុយបំបិតមាត់តារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។

យន្ដហោះដឹកលោក ដូណាល់ ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋាន LaGuardia Airport ក្នុងទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃចន្ទ។ នៅក្នុងសារមួយបង្ហាញលើបណ្ដាញទំនាក់ទំនងសង្គម Truth Social មុនចាកចេញដំណើរ លោកអតីតប្រធានាធិបតីអាមេរិក បានសរសេរយ៉ាងដូច្នេះថា «ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត»។ លោក ត្រាំ ក៏បានបង្ហោះរូបថតដែលបង្ហាញពីសកម្មភាពអ្នកគាំទ្រជូនដំណើររូបលោក ចាកចេញពីរដ្ឋផ្ល័រីដា និងបានស្នើឱ្យអ្នកគាំទ្របរិច្ចាគប្រាក់សម្រាប់យុទ្ធនាការឃោសបោះឆ្នោតរបស់លោកផងដែរ។

ខាងក្រោមនេះ គឺជាអ្វីដែលគេអាចរំពឹងបាន ខណៈលោក ត្រាំ មានអាយុ៧៦ឆ្នាំ បានក្លាយជាអតីតប្រធានាធិបតីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានចោទប្រកាន់ពីបទល្មើស ព្រហ្មទណ្ឌ៖

* តើលោក ដូណាល់ ត្រាំ នឹងត្រូវបានឃាត់ខ្លួន ឬ?

ជាទូទៅ ជនដែលត្រូវចោទប្រកាន់ជាផ្លូវការពីបទល្មើសព្រហ្មទណ្ឌ នឹងត្រូវបានឃាត់ខ្លួន ហើយលោក ត្រាំ ក៏មិនខុសគ្នានោះដែរ។ ប៉ុន្តែ ការឃាត់ខ្លួនលោក ដូណាល់ ត្រាំ មិនមែនធ្វើឡើងដូចអ្វីដែល គេបានឃើញនៅតាមកញ្ចក់ទូរទស្សន៍ ដោយប៉ូលិសនាំខ្លួនជនសង្ស័យចេញពីផ្ទះដោយដៃជាប់ខ្នោះនោះទេ។ មួយវិញទៀត លោក ត្រាំ បានយល់ព្រមបង្ហាញខ្លួនដោយស្ម័គ្រចិត្ត នៅក្នុងតុលាការ ចំពោះមុខរដ្ឋអាជ្ញា។ បានន័យថាលោក ត្រាំ ព្រមប្រគល់ខ្លួនដោយស្ម័គ្រចិត្ត ដូច្នេះនីតិវិធីឃាត់ខ្លួននឹងត្រូវធ្វើឡើង ដោយមិនបង្ហាញជាសាធារណៈនោះទេ។ លោក ត្រាំ ក៏ត្រូវបានគេរំពឹងដែរថានឹង ត្រូវផ្ដិតម្រាមដៃ និងថតរូបវាស់កម្ពស់ នៅឯតុលាការក្នុងសង្កាត់ Manhattan។ តែដូចគ្នាដែរ រូបថតទាំងនោះទំនងជានឹងមិនត្រូវបានបញ្ចេញទេ ពោលគឺអតីតអភិបាលរដ្ឋញូវយ៉ក លោក Andrew M. Cuomo កាលពីឆ្នាំ២០១៩ បានហាមឃាត់ការបញ្ចេញរូបថតវាស់កម្ពស់ លើកលែងតែមានតម្រូវការពិសេសក្រោមហេតុផលអនុវត្តច្បាប់តែប៉ុណ្ណោះ។

លោក Joe Tacopina ជាមេធាវីម្នាក់របស់លោក ត្រាំ បាននិយាយលោកអតីតប្រធានាធិបតីនឹងមិនត្រូវបានគេដាក់ខ្នោះដៃឡើយ។ សន្តិសុខវិញត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅជុំវិញបរិវេណអគារ តុលាការ ខណៈក្រុមអ្នកគាំទ្រលោក ត្រាំ បានប្រកាសពីផែនការប្រមូលផ្ដុំគ្នានៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក) នៅខាងក្រៅអគារ Trump Tower ជាទីដែលលោក ត្រាំ ត្រូវស្នាក់នៅ មួយយប់ មុននឹងឡើងតុលាការ។

* តើនឹងមានអ្វីកើតឡើងនៅក្នុងតុលាការ?

លោក ដូណាល់ ត្រាំ នឹងត្រូវបង្ហាញខ្លួនចំពោះមុខលោកចៅក្រម Juan Merchan ជាពេលដែលលោកចៅក្រមអានបទចោទប្រកាន់ប្រឆាំងនឹងរូបលោក។ លោក ត្រាំ នឹងត្រូវថ្លែងការណ៍ថាតើត្រូវ សារភាព ឬក៏មិនសារភាពពីទោសកំហុស។ ការបង្ហាញខ្លួនរបស់លោក ត្រាំ ក្នុងតុលាការក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉ក គ្រោងនឹងធ្វើឡើងនៅម៉ោង ២៖១៥នាទីរសៀល ថ្ងៃអង្គារ (ម៉ោងនៅញូវយ៉ក) រីឯបទចោទប្រកាន់ប្រឆាំងនឹងរូបលោកនឹងត្រូវបានប្រកាសជាសាធារណៈនៅពេលនោះ ស្របពេលចៅក្រមអាចនឹងកំណត់លក្ខខណ្ឌដោះលែងលោក ត្រាំ និងកំណត់ កាលបរិច្ឆេទសវនាការបន្ទាប់។

លោក Joe Tacopina បាននិយាយថាលោក ត្រាំ នឹងមិនសារភាពពីទោសកំហុសអ្វីទាំងអស់ ហើយនឹងព្យាយាមធ្វើយ៉ាងណាឱ្យចៅក្រមទម្លាក់ចោលបទចោទ ដោយមិនចាំបាច់ត្រូវឡើងសវការ បន្ត។ «លោកប្រធានាធិបតីនឹងមិនសារភាពអ្វីទាំងអស់ នៅក្នុងសំណុំរឿងនេះ។ វានឹងមិនកើតឡើងឡើយ ព្រោះគ្មានឡើយបទល្មើសព្រហ្មទណ្ឌបានកើតឡើង»។ នេះជាការបញ្ជាក់របស់លោក Tacopina។ តាមពិតទៅ បទចោទប្រកាន់ប្រឆាំងនឹងលោកនៅតែរក្សាជាការសម្ងាត់នៅឡើយ តែខាងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាក្នុងចំណោមបទចោទប្រកាន់ ក្នុងនោះរួមមានទាំង បទចោទប្រកាន់ជាផ្លូវការ ពីបទល្មើសព្រហ្មទណ្ឌ ​​ដោយគណៈវិនិច្ឆយនៃសង្កាត់ Manhattan ទីក្រុងញូវយ៉ក ពាក់ព័ន្ធនឹងការសូកលុយ ១៣០,០០០ដុល្លារ ដើម្បីបំបិតមាត់តារាថតកុនកូនជ្រូក ម្នាក់ឈ្មោះ Stormy Daniels កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងរូបនាង និងរូបលោក ។

លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងត្រឡប់ទៅកាន់រដ្ឋផ្ល័រីដាវិញ ក្រោយបញ្ចប់សវនាការនៅតុលាការ ហើយលោកនឹងធ្វើសេចក្ដីថ្លែងការណ៍មួយចេញពីភូមិគ្រឹះ Mar-a-Lago របស់លោក នៅម៉ោង ៨៖១៥នាទីយប់ ថ្ងៃពុធសប្ដាហ៍នេះ។

* តើលោក ត្រាំ អាចនឹងត្រូវជាប់ពន្ធនាគារ ឬ?

ខណៈបទចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ នៅតែរក្សាជាការសម្ងាត់ វាពិតជាពិបាកណាស់ ក្នុងការសន្និដានថាតើអាចនឹងមានការផ្តន្ទាទោសលោក ត្រាំ ដាក់ពន្ធនាគារដែឬក៏យ៉ាងណា ហើយ ណារឿងបែបនេះក៏មិនធ្លាប់កើតមាននៅក្នុងសហរដ្ឋអាមេរិកនោះដែរ។ បទចោទប្រកាន់ប្រឆាំងលោក ត្រាំ ក្នុងនោះមានទាំងពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងមុខជំនួញរបស់លោក ការបំពានច្បាប់ ហិរញ្ញវត្ថុសម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងការសូកលុយបំបិតមាត់ ដែលសុទ្ធសឹងតែជាបទល្មើសស្ថិតនៅក្នុងភាពមិនច្បាស់លាស់ថាតើវាអាចស្ថិតក្នុងកម្រិតនៃបទល្មើសព្រហ្មទណ្ឌ ដែលអាចឱ្យលោក ត្រាំ ជាប់ពន្ធនាគារ ដែរឬក៏យ៉ាងណានោះទេ។

ក៏ប៉ុន្តែ លោក Anna G. Cominsky ជាសាស្ត្រាចារ្យច្បាប់ម្នាក់មកពីសាលាច្បាប់ New York Law School បានកត់សម្គាល់ថាដោយសារតែលោក ត្រាំ មិនធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមក និងមិនត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនៃការប្រើអំពើហិង្សាផងនោះ លោកទំនងជានឹងត្រូវបានដោះលែងនៅរសៀលថ្ងៃអង្គារ ដោយមិនចាំបាច់មានការបង់ប្រាស់ធានានោះទេ។

* តើលោក ត្រាំ នឹងនៅតែអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ឬ?

បើតាមក្រុមអ្នកជំនាញផ្នែកច្បាប់ លោក ត្រាំ នៅតែបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។ ដ្បិត នៅក្នុងរដ្ឋធម្មនុញ្ញអាមេរិកមិនមានចំណុចចែងពីការរារាំង បុគ្គលណាម្នាក់ មិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនោះទេ បើទោះជាត្រូវប្រឈមនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ឬរហូតដល់ត្រូវបានផ្ដន្ទាទោសក៏ដោយ។ មានន័យថាលោក ត្រាំ នឹងនៅតែអាចបន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ហើយក៏មិនត្រូវប្រឈមមុខនឹងការរារាំងពីការកាន់តំណែងជាប្រធានាធិបតីដែរ។ ច្បាប់វិសោធនកម្មលើកទី១៤ របស់ សហរដ្ឋអាមេរិក បានហាមឃាត់បុគ្គលទាំងឡាយណាដែលបានចូលរួមក្នុង «ទង្វើបះបោរ ឬឧទ្ទាមខុសច្បាប់» មិនឱ្យកាន់តំណែងជាប្រធានាធិបតី ឬតំណែងដទៃទៀតឡើយ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់ត្រូវបានសភាតំណាងរាស្រ្តអាមេរិកគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតចោទប្រកាន់ដកតំណែងចំនួន២លើក មានទាំងការចោទប្រកាន់ថា លោក ត្រាំ បានញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោកធ្វើការបះបោរសម្រុកចូលអុកឡុកវិមានសភា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ តែលោកត្រូវបានព្រឹទ្ធសភាគ្រប់គ្រងដោយបក្សសាធារណរដ្ឋ សម្រេចឱ្យលោករួចខ្លួនទាំង២លើក។ លើសពីនេះទៅទៀត ក្រុមអ្នកជំនាញក៏រំពឹងដែរថាលោក ត្រាំ អាចនឹងព្យាយាមប្រើសំណុំរឿងក្ដីក្ដាំនៅពេលនេះឱ្យទៅជាប្រយោជន៍សម្រាប់លោក តាមរយៈ ការដុតបញ្ឆេះកំហឹងនៅក្នុងចំណោមអ្នកគាំទ្ររបស់លោក ឱ្យពួកគេមើលឃើញថាការចោទប្រកាន់ប្រឆាំងរូបលោក ជាការធ្វើទុក្ខបុកម្នេញខាងនយោបាយ និងជាការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ អាមេរិកដើម្បីធ្វើបាប និងរារាំងមិនឱ្យរូបលោកត្រឡប់មក កាន់តំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មីតែប៉ុណ្ណោះ៕