(ប៉េកាំង)៖ ចិនបានព្រមាននៅថ្ងៃអង្គារនេះថា ទីក្រុងវ៉ាស៉ីនតោនកំពុងបង្កហានិភ័យ ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងថ្មី ស្តីពីការពង្រីកបន្ថែមនូវចំនួនមូលដ្ឋានយោធា ដែលកងទ័ពអាមេរិកអាចប្រើប្រាស់បាន នៅក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បាននិយាយដូច្នេះថា «ដើម្បីតែបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិកនៅតែរក្សាផ្នត់គំនិតយកឈ្នះចាញ់ ហើយបន្តពង្រឹងការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់។ លទ្ធផលចៀសមិនផុត គឺការកើនឡើងនៃភាពតានតឹងផ្នែកយោធា ព្រមទាំងការបង្កហានិភ័យចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ដូច្នេះប្រទេសនានានៅក្នុងតំបន់ ត្រូវគិតគូរឱ្យហ្មត់ចត់អំពីអ្វីដែលត្រឹមត្រូវ និងអ្វីដែលឱ្យប្រយោជន៍ទៅវិញមក ដើម្បីអាចធ្វើការសម្រេចចិត្ត ដែលផ្តល់អត្ថប្រយោជន៍ពិតប្រាកដ ចំពោះប្រទេសពួកគេផ្ទាល់ និងចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហ្វីលីពីនបានប្រកាសជាផ្លូវការ អំពីទីតាំងនៃមូលដ្ឋានយោធាចំនួន៤កន្លែងបន្ថែម ដែលខ្លួនបាន​សម្រេចអនុញ្ញាតឱ្យ ទាហានអាមេរិកប្រើប្រាស់។ ក្នុងចំណោមនោះ មានមួយកន្លែងស្ថិតនៅក្បែរតំបន់ដែលមានបញ្ហាវិវាទក្នុងសមុទ្រចិនខាងត្បូង និងមួយកន្លែងទៀត ស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីកោះតៃវ៉ាន់។ សរុបនៅពេលនេះ មូលដ្ឋានយោធាហ្វីលីពីន ដែលកងទ័ពអាមេរិកមានសិទ្ធិប្រើប្រាស់ គឺកើនដល់៩កន្លែង៕