(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនាជាមួយសហភាពអឺរ៉ុប (EU) ស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែន ហើយសង្ឃឹមថាប្លុកនេះនឹងបង្ហាញពីយុទ្ធសាស្រ្តឯករាជ្យលើបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៣។

ដោយលើកឡើងពីសេចក្តីថ្លែងការណ៍របស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) ដែលអំពាវនាវឲ្យចិនដើរតួនាទីជាអ្នកស្ថាបនា លោកស្រី ម៉ៅ បានគូសបញ្ជាក់ថា «យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា និងការប្រាស្រ័យទាក់ទងជាមួយភាគីអឺរ៉ុប លើការស្វែងរកដំណោះស្រាយនយោបាយចំពោះសង្រ្គាមអ៊ុយក្រែន»

លោកស្រី ម៉ៅ បានសង្កត់ធ្ងន់ថា «ចិនមិនមែនជាភាគីនៃជម្លោះអ៊ុយក្រែននោះទេ ហើយសង្ឃឹមថា EU នឹងបង្ហាញពីយុទ្ធសាស្ត្រ និងប្រាជ្ញានយោបាយ ប្រកបដោយឯករាជ្យភាព។ ទីក្រុងប៉េកាំង គាំទ្រយ៉ាងខ្លាំងដល់ការដោះស្រាយដោយសន្តិវិធី និងកំពុងរួមចំណែកយ៉ាងសកម្មចំពោះរឿងនោះ ហើយសង្ឃឹមថា EU នឹងចាត់វិធានការដែលនឹងជួយរក្សាស្ថិរភាពរយៈពេលវែង នៅក្នុងតំបន់»។

គួរបញ្ជាក់ថា ក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times នៅថ្ងៃអង្គារនេះ ប្រធានគណៈកម្មការអឺរ៉ុបនិយាយថា ទីក្រុងប៉េកាំងគួរតែដើរតួនាទីជាអ្នកស្ថាបនាក្នុងការនាំយកសន្តិភាពដល់អ៊ុយក្រែន ហើយសំដែងការព្រួយបារម្ភចំពោះគោលជំហររបស់ចិន ដែលផ្អែកលើមិត្តភាពជាមួយរុស្ស៉ី៕