(មូស្គូ)៖ នាថ្ងៃអង្គារនេះប្រធានរដ្ឋសភានៃប្រទេសរុស្ស៉ីបាននិយាយថា បាតដៃក្រុមមេដឹកនាំប្រទេសលោកខាងលិច គឺប្រឡាក់សុទ្ធតែឈាម ដោយសារតែការគាំទ្រ ចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលការគាំទ្រនេះបាននាំឱ្យកកើត «រដ្ឋភេរវករ» មួយនៅកណ្តាលទ្វីបអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

លោក វ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ដែលជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានអះអាងថា ការធ្វើឃាតអ្នកសរសេរប្លុកសង្រ្គាមល្បីម្នាក់ឈ្មោះ វ៉្លាដលេន តាតាស្គី (Vladlen Tatarsky) នៅទីក្រុងសង់ភីតស្បឺគ (St Peterburg) នៃប្រទេសរុស្ស៉ី កាលពីចុងសប្តាហ៍កន្លងទៅនេះ គឺជា «អំពើភេរវកម្ម» ដែលប្រព្រឹត្តទៅរដ្ឋាភិបាលទីក្រុងកៀវ។

លោក វ៉ូឡូឌីន បានសរសេរនៅលើប្រព័ន្ធ Telegram យ៉ាងដូច្នេះថា «ការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោននិងព្រុចសែលសម្រាប់ទីក្រុងកៀវ បាននាំទៅរកការបង្កើតរដ្ឋភេរវករមួយ នៅកណ្តាលទ្វីបអឺរ៉ុប។ ឈាមរបស់អ្នកដែលស្លាប់និងរបួស គឺស្ថិតនៅលើដៃរបស់លោក បៃដិន, លោក ម៉ាក្រុង, លោក សូល និងមេដឹកនាំប្រទេសដទៃទៀត​ ដែលគាំទ្ររបបលោក ហ្សេលេនស្គី»