(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កំពុងស្វែងរកការកំណត់ឡើងវិញ ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន បើទោះបីជាការបដិសេធរបស់ទីក្រុងប៉េកាំង លើការថ្កោលទោសសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន អាចរាំងស្ទះនូវកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

មេដឹកនាំមួយចំនួននៃបណ្តាប្រទេសសហភាពអឺរ៉ុប បាននាំគ្នារៀបចំដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងជាបន្តបន្ទាប់ ដើម្បីជំរុញឲ្យមានការសន្ទនាគ្នា។ ក្នុងនោះមានដំណើរទស្សនកិច្ចដែលបានគ្រោងទុកក្នុងសប្តាហ៍នេះ របស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងប្រធានគណៈកម្មាការសហភាពអឺរ៉ុប លោកស្រី អ៊ួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) ជាដើម។ គម្រោងទស្សនកិច្ចនេះកើតឡើងបន្ទាប់ពី អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីកឆែល (Charles Michel) និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ឆេស (Pedro Sanchez) ក៏បានធ្វើដំណើរទៅចិនផងដែរ។

កាលពីសប្តាហ៍មុន លោកស្រី ឡេយិន បានទទួលស្គាល់ថា ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចិន «កាន់តែឃ្លាតឆ្ងាយ និងកាន់តែពិបាក។ ដូច្នេះដើម្បីយល់ពីគ្នា គឺត្រូវចាប់ផ្ដើមពីការនិយាយរកគ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា បើតាមឯកអគ្គរដ្ឋទូតអឺរ៉ុប គោលដៅនៃដំណើរទស្សនកិច្ចរបស់ លោក មីកឆែល កាលពីខែធ្នូ ឆ្នាំ២០២២ គឺដើម្បីស្តារឡើងវិញ នូវកិច្ចសន្ទនារវាងសហភាពអឺរ៉ុប និងប្រទេសចិន ហើយគោលបំណងរយៈពេលវែង គឺការរៀបចំកិច្ចប្រជុំកំពូល EU-ចិន នៅទីក្រុងប៉េកាំង អំលុងខែមិថុនា ឬខែកក្កដា។ មិនត្រឹមតែប៉ុណ្ណោះ ប្រមុខការទូតកំពូលរបស់សហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) ក៏នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងពេលឆាប់ៗនេះទៀតផង៕