(វ៉ាស៉ីនតោន)៖ គ្រូបង្រៀនម្នាក់នៅរដ្ឋវើជីនៀ (Virginia) នៃសហរដ្ឋអាមេរិក ដែលត្រូវបានកូនសិស្សអាយុ៦ឆ្នាំ យកកាំភ្លើងបាញ់បណ្តាលឱ្យរបួសធ្ងន់ធ្ងរ បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំសាលាដែលខ្លួនបង្រៀន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីទាមទារសំណងជាថវិកាចំនួន៤០លានដុល្លារ ដោយចោទប្រកាន់ថា ពួកគេមិនអើពើចំពោះការជូនដំណឹងពី បុគ្គលិកនិងកូនសិស្សដទៃទៀត ដែលថាក្មេងប្រុសម្នាក់នោះមានកាំភ្លើងជាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។
ហេតុការណ៍បាញ់ប្រហារកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លើគ្រូបង្រៀនវ័យ២៥ឆ្នាំខាងលើ ដែលមានឈ្មោះថា អាប៊ីហ្គែល ស្វឺណឺ (Abigail Zwerner) បានកើតឡើងនៅសាលាបឋមសិក្សា រីចណិក (Richneck Elementary School) ស្ថិតក្នុងទីក្រុងញូផតញូ (Newport News) ហើយវាគឺជាករណីមួយដែលប្លែកខ្លាំង ពីករណីបាញ់ប្រហារដទៃៗទៀត នៅតាមសាលារៀនក្នុងសហរដ្ឋអាមេរិក ដោយសារតែអាយុដ៏ក្មេងខ្ចីរបស់កូនសិស្សដែលជាជនបង្ក ហើយនិងការដែលប៉ូលិសបានអះអាងថា ក្មេងប្រុសនោះបានបាញ់គូ្រថ្នាក់ទី១របស់ខ្លួន ដោយចេតនាតែម្តង។
អ្នកគ្រូ ស្វឺណឺ បាននិយាយថា ថ្នាក់ដឹកនាំសាលា រីចណិក បានដឹងច្បាស់អំពីប្រវត្តិប្រើហិង្សារបស់កូនសិស្សខាងលើ ចំពោះសិស្សក៏ដូចជាចំពោះគ្រូបង្រៀនដទៃទៀត ប៉ុន្តែបានអនុញ្ញាតឱ្យកូនសិស្សនោះត្រឡប់មកសាលារៀនវិញ កាលពីក្នុងឆ្នាំ២០២២ ក្រោយត្រូវបានបណ្តេញចេញ ដោយសារតែអាកប្បកិរិយាហិង្សា។ ខាងសាលា រីចណិក បានទទួលស្គាល់ថា ពួកគេទទួលបានការជូនដំណឹងដែលថា ក្មេងប្រុសនោះមានកាំភ្លើងនៅសាលា ក៏ប៉ុន្តែការឆែកឆេរលើសម្ភាររបស់គេ គឺមិនបានរកឃើញអាវុធណាមួយឡើយ។
គួរបញ្ជាក់ថា អ្នកគ្រូ ស្វឺណឺ ទទួលបានការកោតស្ញប់ស្ញែងជាខ្លាំងពីប៉ូលិស សម្រាប់ការដែលអ្នកគ្រូបានឆ្លៀតជម្លៀសកូនសិស្សឱ្យចេញអស់ពីថ្នាក់រៀន បើទោះបីក្រោយត្រូវក្មេងប្រុសបង្កហេតុ យកកាំភ្លើងបាញ់ឱ្យរបួសចំដៃនិងដើមទ្រូងក៏ដោយ។ យ៉ាងណាក្តី ក្រុមរដ្ឋអាជ្ញានៃរដ្ឋ Virgina បានសម្រេចមិនចោទប្រកាន់ក្មេងប្រុសម្នាក់នោះទេ ដោយសារតែអាយុក្មេងពេក ប៉ុន្តែក្រុមអ្នកជំនាញច្បាប់បាននិយាយថា ម្តាយក្មេងប្រុសនោះ អាចនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថា រក្សាទុកអាវុធមិនបានល្អនៅក្នុងផ្ទះរបស់ខ្លួន ដែលបណ្តាយឱ្យកូនយកមកដល់ក្នុងសាលារៀន ហើយបង្កឧបទ្ទវហេតុយ៉ាងដូច្នេះ៕