(មូស្គូ)៖ ក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថា ក្រុមលោកខាងលិចកំពុងព្យាយាមឆ្កឹះឆ្កៀលចំណងមិត្តភាពរវាងរុស្ស៉ីនិងចិន តាមរយៈការលើកឡើងអំពីទំនាក់ទំនង​ហាក់មិនស្មើភាពគ្នារវាងប្រទេសទាំងពីរ ហើយនិងការពឹងផ្អែករបស់ទីក្រុងមូស្គូលើទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

លោក ឡាវរ៉ូវ បានលើកឡើងដូច្នេះថា «ការអះអាងអំពីទំនាក់ទំនងមិនស្មើភាពគ្នា រវាងទីក្រុងមូស្គូនិងទីក្រុងប៉េកាំង គឺត្រូវបាន​បំផ្លើសជាទូទៅ ដោយក្រុមប្រទេសអមិត្ត អស់រយៈពេលជាយូរមកហើយ។ យើងមើលឃើញវាជាការប៉ុនប៉ងមួយ ដើម្បីបិទបាំងភាពជោគជ័យរបស់យើង ក៏ដូចជាដើម្បីបំបែកបំបាក់ចំណងមិត្តភាពរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង។ ប្រទេសយើងទាំងពីរមានស្មារតីសាមគ្គីភាពនិងត្រៀមជាស្រេច ដើម្បីឈរប្រកៀកស្មាក្នុងការការពារ ផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានបង្ហាញពីចំណងមិត្តភាពយ៉ាងរឹងមាំ ហើយព្រមទាំងបានសន្យាថា នឹងធ្វើឱ្យទំនាក់ទំនងកាន់តែជិតស្និទ្ធគ្នាខ្លាំងថែមទៀត រួមទាំងវិស័យយោធា កំលុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃទី២០-២១ ខែមីនា នៅឯទីក្រុងមូស្គូ។ រុស្ស៉ីនិងចិនបានចុះកិច្ចព្រមព្រៀង នៃភាពជាដៃគូគ្មានដែនកំណត់ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលលោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។ មកទល់ពេលនេះ ទីក្រុងប៉េកាំង​មិនបានចូលរួមថ្កោលទោស ការសម្រេចចិត្តធ្វើយ៉ាងដូច្នោះរបស់លោក ពូទីន ឡើយ ហើយបានបញ្ចេញផែនការសន្តិភាពសម្រាប់អ៊ុយក្រែន៕