(គូឡាឡាំពួ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សភាជាន់ទាបនៃប្រទេសម៉ាឡេស៉ី បានសម្រេចបោះឆ្នោតក្នុងសំឡេងយ៉ាងលើសលប់ ដើម្បីលុបចោលនូវ​ការផ្តន្ទាទោសជាកាតព្វកិច្ចសម្រាប់បទឧក្រិដ្ឋធ្ងន់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

ច្បាប់ខាងលើនឹងមានប្រសិទ្ធភាពទៅលើបទឧក្រិដ្ឋកម្មសរុបចំនួន៣៤ ដែលបច្ចុប្បន្នប្រឈមមុខនឹងទោសប្រហារជីវិត រួមមានទាំងបទល្មើស​ឃាតកម្ម រត់ពន្ធគ្រឿង និងភេរវកម្មជាដើម ហើយក្នុងចំណោមនោះ បទឧក្រិដ្ឋធ្ងន់ធ្ងរខ្លាំងចំនួន១១ គឺត្រូវមានទោសប្រហារជីវិតជាកំហិត។ ចៅក្រម​នឹងនៅតែមានសិទ្ធិធ្វើការផ្តន្ទាទោសប្រហារជីវិត ក្នុងករណីលើកលែងពិសេសៗ ប៉ុន្តែសម្រាប់បទល្មើសធ្ងន់ៗភាគច្រើន តុលាការ​នឹងត្រូវផ្លាស់ទៅផ្តន្ទាទោសដាក់ពន្ធនាគារ៣០-៤០ឆ្នាំ ឬមួយដាក់ទណ្ឌកម្មលើរូបរាងកាយវិញ។

បន្ទាប់ពីត្រូវបានអនុម័តដោយសភាជាន់ទាប សេចក្តីព្រាងច្បាប់នេះនឹងត្រូវឆ្លងកាត់សភាជាន់ខ្ពស់មួយដំណាក់កាលទៀត មុនពេលអាចត្រូវបញ្ជូនទៅ​កាន់ព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខាដាក់ចេញជាច្បាប់ផ្លូវការ។ សភាជាន់ខ្ពស់ម៉ាឡេស៉ីត្រូវគេរំពឹងថា នឹងផ្តល់ការអនុម័តដូចគ្នា​ចំពោះសេចក្តីព្រាងច្បាប់នេះ។ នៅពេលចូលជាធរមានហើយនោះ វាក៏នឹងផ្តល់ឱកាសឱ្យអ្នកទោសជាង១,៣០០នាក់ នៅម៉ាឡេស៉ី ដែលសព្វថ្ងៃកំពុងជាប់ទោសប្រហារជីវិត អាចស្នើសុំឱ្យមានការត្រួតពិនិត្យឡើងវិញ លើសាលក្រមកាត់ទោសរបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យផ្លូវការ ចាប់ពីចន្លោះឆ្នាំ១៩៩២-២០២៣ អ្នកទោសសរុបប្រហែល១,៣១៨នាក់ ត្រូវបានប្រហារជីវិតដោយព្យួក នៅក្នុង​ប្រទេសម៉ាឡេស៉ី។ ប្រទេសអាស៊ានមួយនេះ បានពន្យារពេលអនុវត្តទោសប្រហារជីវិត ចាប់តាំងតែពីឆ្នាំ២០១៨មក ប៉ុន្តែតុលាការនៅតែបានបន្តចេញសាលក្រមផ្តន្ទាទោស​ប្រហារជីវិត៕