(ញូយ៉ក)៖ ចៅក្រមមួយរូប បាននិយាយកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា បណ្តាញសារព័ត៌មាននានានឹងមិនត្រូវបានអនុញ្ញាតឲ្យចាក់ផ្សាយ អំពីការកាត់ក្តីលើអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងតុលាការតំបន់មែនហាធែន (Manhattan) នៅថ្ងៃអង្គារនេះនោះទេ។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

ចៅក្រមតុលាការកំពូលទីក្រុងញូយ៉ក លោក ជូន មឺឆែន (Juan Merchan) បានច្រានចោលសំណើសុំផ្សព្វផ្សាយដំណើរការក្តីជាប្រវត្តិសាស្រ្តអាមេរិក ពីសំណាក់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងនោះរួមទាំង CNN ផងដែរ។ មានតែអ្នកថតរូបចំនួន ៥នាក់ប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យថតរូបលោក ត្រាំ និងបន្ទប់សវនាការ មុនពេលសវនាការចាប់ផ្តើម។ យ៉ាងនេះក្តីសវនាការរបស់ លោក ត្រាំ គឺដូចជាគ្នាទៅនឹងការកាត់ក្តីភាគច្រើននៅក្នុងតុលាការតំបន់មែនហាធែន ដែរ ដោយធ្វើឡើងជាសាធារណៈ គ្រាន់តែអ្នកថតរូបសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យផ្តិតយកទិដ្ឋភាពពីខាងក្នុងបន្ទប់សវនាការមកចាក់ផ្សាយ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) សម្រាប់ការបង្ហាញខ្លួន ជាលើកដំបូងចំពោះមុខតុលាការ ដើម្បីប្រឈមនឹងការចោទប្រកាន់ ពាក់ព័ន្ធនឹងការសូកលុយបំបិតមាត់តារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕