(ប៉េកាំង)៖ ស្ថានកុងស៊ុលរបស់ចិន ប្រចាំទីក្រុងឡូស អាន់ជែលឡែស (Los Angeles) នៃរដ្ឋកាលីហ្វ័រញ៉ា (California) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានព្រមានថា ជំនួបរវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) នឹងកាន់តែធ្វើឱ្យខូចដល់ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។
ការព្រមានខាងលើរបស់ស្ថានកុងស៊ុលចិន កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ខេវិន ម៉ាកខាធី បាននិយាយថាលោកនឹងជួបជាមួយលោកស្រី សៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃពុធសប្ដាហ៍នេះ។ ឆ្លើយតបទៅនឹងការទទួលស្គាល់នេះដែរ អ្នកនាំពាក្យស្ថានកុងស៊ុលចិន បានគូសបញ្ជាក់ដូច្នេះថា «ជំនួបនៅថ្ងៃពុធ នឹងឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អារម្មណ៍ប្រជាជនចិន ១.៤ពាន់លាននាក់ ហើយវានឹងបំផ្លាញដល់មូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក និងមានតែបង្កការខូចខាតបន្ថែមដល់ទំនាក់ទំនងនៃប្រទេសទាំង២ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោកស្រី សៃ កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសបេលី ហើយលោកស្រីគ្រោងនឹងធ្វើដំណើរត្រឡប់ទៅតៃវ៉ាន់វិញ ជាមួយគម្រោងឈប់សំចតនៅរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលលោកស្រីនឹងត្រូវជួបជាមួយលោក ម៉ាកខាធី។ ជំនួបនេះនឹងក្លាយជាជំនួបលើកដំបូងរវាងមេដឹកនាំតៃវ៉ាន់ និងប្រធានសភាតំណាងរាស្ត្រអាមេរិកនៅលើទឹកដីអាមេរិក៕