(ម៉ានីល)៖ ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសនូវមូលដ្ឋានយោធាចំនួន ៤ទៀតរបស់ខ្លួន ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់បន្ថែមនៅក្រោមកិច្ចកិច្ចព្រមព្រៀងការពារជាតិដែលមានស្រាប់ ក្នុងន័យជំរុញសម្ព័ន្ធភាពដែលមានរយៈពេលជាច្រើនទសវត្សរ៍របស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

ទីតាំងទាំងនោះមានមូលដ្ឋានទ័ពជើងទឹកកាមីឡូ អូសាស់ (Camilo Osias) នៃអាកាសយានដ្ឋានស្តា អាណា និងអាកាសយានដ្ឋានឡាល់ ឡូ ដែលស្ថិតនៅក្នុងខេត្តកាហ្កាយ៉ាន (Cagayan) ក៏ដូចជាជុំរុំយោធាម៉េឆូ ដេឡា គ្រូស (Camp Melchor Dela Cruz) ដែលស្ថិតក្នុងតំបន់ហ្កាមូ (Gamu) នៃខេត្តអ៉ីសាបែលឡា (Isabela) រួមទាំងនៅកោះបាឡាបាក់ (Balabac) ចេញពីកោះប៉ាឡាវ៉ាន (Palawan)។ វាជាទីតាំងដ៏មានសារៈសំខាន់ ដោយសារតែខេត្តអ៉ីសាបែលឡា (Isabela) និងខេត្តកាហ្កាយ៉ាន (Cagayan) បែរមុខទៅទិសខាងជើងឆ្ពោះទៅកោះតៃវ៉ាន់ ខណៈកោះប៉ាឡាវ៉ាន ស្ថិតនៅជិតប្រជុំកោះស្រ្ពេតលី (Spratly) ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។

ប្រមុខការពារជាតិហ្វលីពីន លោក ខាលីតូ គ្លាវ៉េស (Carlito Galvez) បានហៅទីតាំងទាំងនេះថា «ជាយុទ្ធសាស្ត្រ» ហើយសង្កត់ធ្ងន់ថា ហ្វីលីពីនមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ នៅសមុទ្រចិនខាងត្បូង។

លោក គ្លាវ៉េស បានគូសបញ្ជាក់ថា «នោះជាផ្លូវពាណិជ្ជកម្ម ដែលពាណិជ្ជកម្មច្រើន ឬតិចជាង ៣ពាន់ពាន់លានដុល្លារឆ្លងកាត់ជាប្រចាំឆ្នាំ។ វាជាទំនួលខុសត្រូវរបស់យើងក្នុងការធានាជាសមូហភាព យ៉ាងទូលំទូលាយ»

គួរបញ្ជាក់ថា ការពង្រីកកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ (EDCA) ឆ្នាំ២០១៤ បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ហ្វីលីពីន ចំពោះសហរដ្ឋអាមេរិក និងកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង និងបញ្ហាតៃវ៉ាន់៕