(ប្រាស៉ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៉ីណាស្យ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បានបញ្ជូនទីប្រឹក្សាគោលនយោបាយការបរទេសម្នាក់របស់លោក ឱ្យទៅ ជួបនិយាយជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីជំរុញឱ្យមានកិច្ចចរចាសន្តិភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNN Brasil នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

ថ្លែងប្រាប់សារព័ត៌មាន CNN Brasil នៅក្នុងបទសម្ភាសន៍ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីប្រេស៊ីល លោក សែលសូ អាម៉ូរីម (Celso Amorim) បានគូសបញ្ជាក់ដូច្នេះថា​ «វាគឺជារំពឹងខ្ពស់ពេកដែលនិយាយថាទ្វារនៅតែបើកចំហ (សម្រាប់កិច្ចចរចាសន្តិភាព) ប៉ុន្តែវាក៏មិនត្រឹមត្រូវនោះដែរដែលនិយាយថា វាត្រូវបានបិទទាំងស្រុង»

គួរបញ្ជាក់ថា លោក អាម៉ូរីម ដែលជាធ្លាប់ជារដ្ឋមន្ត្រីការបរទេសរបស់លោក លូឡា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ បាននិយាយថាលោកបានជួបជាមួយលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន រយៈពេលមួយម៉ោង នៅឯវិមានក្រឹមឡាំង ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចមិនប្រកាសឱ្យដឹង។ ក៏ប៉ុន្តែ ខាងក្រសួងការបរទេសប្រេស៊ីលមិនបានធ្វើអត្ថាធិប្បាយអ្វី នៅឡើយទេ នៅពេលត្រូវបានសាកពីដំណើរទស្សនកិច្ចរបស់លោក អាម៉ូរីម៕