(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក អាឡិចសាន់ដឺ គ្រូសកូ (Alexander Grushko) បាននិយាយថា ទីក្រុងមូស្គូនឹងពង្រឹងសមត្ថភាពយោធារបស់ខ្លួន នៅក្នុងតំបន់ភាគខាងលិច និងភាគពាយ័ព្យ ដើម្បីជាការឆ្លើយតបទៅនឹងការរំពឹងទុកថាហ្វាំងឡង់ នឹងក្លាយជាសមាជិកអង្គការណាតូ (NATO) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើយោងតាមការដកស្រង់ផ្សាយពី ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូ កាលពីឆ្នាំ២០២២ បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន។ ហ្វាំងឡង់មានព្រំដែនប្រវែង ១,៣០០គីឡូម៉ែត្រ ជាមួយរុស្ស៉ី ដែលងាយនឹងប្រឈមជាមួយទីក្រុងមូស្គូក្នុងករណីមានបញ្ហាកើតឡើង។ លោក គ្រូសកូ បានប្រាប់ RIA យ៉ាងដូច្នេះថា «យើងនឹងពង្រឹងសក្ដានុពលយោធា របស់យើង នៅភាគខាងលិច និងភាគពាយ័ព្យ។ ក្នុងករណីដែលកងកម្លាំងនៃសមាជិកណាតូផ្សេងទៀត ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសហ្វាំងឡង់ យើងនឹងចាត់វិធានការបន្ថែម ដើម្បីធានាសន្តិសុខរុស្ស៉ី ប្រកបដោយភាពជឿជាក់»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) ក៏ធ្លាប់បានលើកឡើងដែរថា រុស្ស៉ីកំពុងចាត់វិធានការឆ្លើយតបយ៉ាង សមស្រប ហើយនឹងបង្កើតអង្គភាព និងកងពលតូចចំនួន១២ នៅក្នុងតំបន់យោធាភាគខាងលិចរបស់ខ្លួន៕