(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី បានរាយការណ៍ថាអ៉ីស្រាអែលនៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសសាជាថ្មីលើរដ្ឋធានីដាម៉ាស នៅព្រឹកថ្ងៃអង្គារនេះ និងជាការវាយប្រហារ លើកចុងក្រោយបំផុតមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី SANA ដោយផ្អែកលើការស្រង់សម្ដីពីយោធា ជនស៊ីវិល២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសខាងលើរបស់អ៉ីស្រាអែល រីឯការ បំផ្លាញបំផ្លាញមួយចំនួនក៏ត្រូវបានរាយការណ៍ដែរ។ SANA បានបន្ថែមថាប្រព័ន្ធការពារដែនអាកាសស៉ីរី បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលមួយចំនួន។

គួរបញ្ជាក់ថា ដូចសព្វដង ខាងអ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយទៅនឹងការចោទប្រកាន់របស់ស៉ីរី។ អ៉ីស្រាអែលត្រូវបានរាយការណ៍ថាបានដឹកនាំការវាយប្រហារ តាមផ្លូវអាកាសរាប់រយលើក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសស៉ីរី ដោយមានគោលដៅលើមូលដ្ឋានលើកងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ដែលជាសម្ព័ន្ធមិត្ត របស់ប្រធានាធិបតីស៉ីរី លោក បាសា អាល់ អាសាដ៕