(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) សម្រាប់ការបង្ហាញខ្លួន ជាលើកដំបូងចំពោះមុខតុលាការ ដើម្បីប្រឈមនឹងការចោទប្រកាន់ ពាក់ព័ន្ធនឹងការសូកលុយបំបិតមាត់តារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

យន្ដហោះដឹកលោក ដូណាល់ ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋាន LaGuardia Airport ក្នុងទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃចន្ទ។ នៅក្នុងសារមួយបង្ហាញលើបណ្ដាញទំនាក់ទំនងសង្គម Truth Social មុនចាកចេញដំណើរ អតីតប្រធានាធិបតីអាមេរិក បានសរសេរយ៉ាងដូច្នេះថា «ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត»។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានបង្ហោះរូបភាពមួយចំនួនផងដែរ ដែលបង្ហាញពីសកម្មភាពអ្នកគាំទ្រជូនដំណើររូបលោក ចេញពីរដ្ឋផ្ល័រីដា និងបានស្នើឱ្យអ្នកគាំទ្របរិច្ចាគប្រាក់សម្រាប់ យុទ្ធនាការឃោសបោះឆ្នោត របស់លោក។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានចោទប្រកាន់ជាផ្លូវការពីបទល្មើសព្រហ្មទណ្ឌ ​​ដោយគណៈវិនិច្ឆយនៃសង្កាត់ Manhattan ទីក្រុងញូវយ៉ក ពាក់ព័ន្ធនឹងការសូកលុយ ១៣០,០០០ដុល្លារ ដើម្បីបំបិតមាត់តារាថតកុនកូនជ្រូកម្នាក់ឈ្មោះ Stormy Daniels កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងរូបនាង និងរូបលោក។ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ ក៏ត្រូវបានគេរំពឹងដែរថានឹងត្រូវផ្ដិចមេដៃ ថតរូប និងស្ដាប់ការធ្វើបទបង្ហាញពីការចោទប្រកាន់ប្រឆាំងនឹងរូបលោក នៅតុលាការក្នុងសង្កាត់ Manhattan។

ដោយឡែក បើតាមមន្ត្រីតុលាការម្នាក់ ការបង្ហាញក្នុងសវនាការរបស់លោក ត្រាំ គ្រោងនឹងធ្វើឡើងនៅវេលាម៉ោង ២៖១៥នាទីរសៀល ថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងញូវយ៉ក) ហើយក្រោយចប់ សវនាការភ្លាមៗ លោក ត្រាំ នឹងត្រឡប់ទៅកាន់រដ្ឋផ្ល័រីដាវិញ ព្រមទាំងនឹងធ្វើសេចក្ដីថ្លែងការណ៍មួយចេញពីភូមិគ្រឹះ Mar-a-Lago របស់លោក នៅម៉ោង ៨៖១៥នាទីយប់ ថ្ងៃពុធសប្ដាហ៍នេះ៕