(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសមរភូមិប្រយុទ្ធដើម្បីទីក្រុងបាកមូត (Bakhmut) មិនទាន់បញ្ចប់នៅឡើយទេ ហើយទាហាន អ៊ុយក្រែននៅតែបន្តតស៊ូប្រយុទ្ធការពារទីក្រុងមួយនេះ ពីកណ្ដាប់ដៃទាហានស៉ីឈ្នួលរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បានបញ្ជាក់ទៀតថាទាហានអ៊ុយក្រែនមិនបានដកថយចេញពីទីក្រុងបាកមូតនោះទេ ហើយ ជំនួយយោធាបន្ថែមរបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងកៀវ អាចនឹងត្រូវបានប្រកាសនៅក្នុងសប្ដាហ៍នេះ។ ការលើកឡើងរបស់លោក John Kirby កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែន ក៏បានអះអាងដូចគ្នាដែរថាទាហានរុស្ស៉ីមិនទាន់អាចគ្រប់គ្រងទីក្រុងបាកមូតបាន ដូចដែលថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner ប្រកាសពីការវាយគ្រប់គ្រង បានទីក្រុងមួយនេះនោះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានអះអាងថាទាហានរបស់ខ្លួនបានវាយកាន់កាប់បានសាលាក្រុងបាកមូតហើយ ដែលនេះមានន័យ ថាពួកគេវាយគ្រប់គ្រងបានទីក្រុងនេះ។ ប៉ុន្តែ ខាងក្រសួងការពារជាតិរុស្ស៉ីក៏មិនទាន់បានទទួលស្គាល់ជ័យជម្នះកាន់កាប់ទាំងស្រុងលើទីក្រុងបាកមូតនោះដែរ៕