(វ៉ាស៊ីនតោន)៖ ការសម្លុតគំរាមរបស់រុស្ស៉ី តាមរយៈការប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក ​នៅក្នុងប្រទេសបេឡារុស បាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភ ពីហានិភ័យនៃការប៉ះទង្គិចនុយក្លេអ៊ែររវាងទីក្រុងមូស្គូ និងបក្សសម្ព័ន្ធយោធា NATO របស់សហរដ្ឋអាមេរិក។ វាក៏កំពុងបង្កឱ្យមានការចាប់អារម្មណ៍ដែរថាតើអាវុធនុយក្លេអ៊ែរតាក់ទិក ត្រូវបានដាក់ពង្រាយនៅតាមបណ្ដាប្រទេសជាសមាជិក NATO យ៉ាងដូចម្ដេច? ហើយតើថាវាអាចនឹងបង្កឱ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរសាជាថ្មីនៅអឺរ៉ុប ដែរឬ ក៏យ៉ាងណា?

ដូច្នេះយើងអាចសាកល្បងឈ្វេងយល់ជាមុនសិនថាតើអ្វីទៅជាហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងប្រទេស បេឡារុស?

លោក ពូទីន បានប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅលើទឹកដីបេឡារុស កាលពីចុងខែមីនាកន្លងទៅ ហើយប្រសិនក្លាយជាការពិត វានឹងក្លាយជាលើកដំបូង បំផុត ដែលទីក្រុងមូស្គូដាក់ពង្រាយអាវុធបែបនេះក្រៅប្រទេស ចាប់តាំងពីសហភាពសូវៀតរលំរលាយមក។ ផែនការរបស់លោក ពូទីន កំពុងបង្កើនហានិភ័យនៃការរត់ប្រណាំងអាវុធ នុយក្លេអ៊ែរសាជាថ្មីជាមួយសហរដ្ឋអាមេរិក និងបក្សសម្ព័ន្ធយោធា NATO។ បេឡារុសគឺជាអតីតសាធារណរដ្ឋមួយក្នុងចំណោមអតីតសាធារណរដ្ឋទាំង៤ ក្នុងសហភាពសូវៀតដែល អនុញ្ញាតឱ្យសូវៀតដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនអំឡុងសម័យសង្រ្គាមត្រជាក់។ ប៉ុន្តែ ក្រោយមក ដោយចូលរួមជាមួយកាហ្សាក់ស្ថាន និងអ៊ុយក្រែន បេឡារុស បានយល់ព្រមប្រគល់អាវុធនុយក្លេអ៊ែរទៅឱ្យរុស្ស៉ីវិញ ជាថ្នូរនឹងការទទួលបានមកវិញនូវការធានាសន្តិសុខពីរុស្ស៉ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

សព្វថ្ងៃ បេឡារុសក្រោមការដឹកនាំរបស់លោកប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ ជាសម្ព័ន្ធមិត្តរបស់លោក ពូទីន និងដែលបានបើកដៃឱ្យកងទ័ពរុស្ស៉ីប្រើប្រាស់ទឹកដីបេឡារុស បើកការឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ លោក ពូទីន បាននិយាយថាលោក លូកាសិនកូ បានស្នើសុំជាយូរណាស់មកហើយឱ្យរុស្ស៉ីដាក់ពង្រាយ និងស្ដុកអាវុធ នុយក្លេអ៊ែរនៅលើទឹកដីបេឡារុស ពោលគឺធ្វើដូចគ្នាទៅនឹងសហរដ្ឋអាមេរិកដែរដែលបានដាក់ពង្រាយអាវុធនុយក្លេអ៊េរនៅលើទឹករដ្ឋជាសមាជិក NATO មួយចំនួនអស់រយៈពេលរាប់ ទសវត្សរ៍មកនេះ។ ប៉ុន្តែ ក្រុមអ្នកវិភាគលោកខាងលិចអះអាងថាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ គឺជាការសម្លុតគំរាម ព្រមទាំងជាសារកំញើញមួយទៅកាន់ NATO ដែលនៅតែបន្ត បំពាក់អាវុធឱ្យអ៊ុយក្រែន និងចំពេលទីក្រុងកៀវកំពុងត្រៀមលក្ខណៈបើកប្រតិបត្តិការវាយបកជាថ្មី ដើម្បីដណ្ដើមទឹកដីមកវិញ នៅនិទាឃរដូវនេះ។

* តើសហរដ្ឋអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅឯណាខ្លះក្នុងតំបន់អឺរ៉ុប?
សហរដ្ឋអាមេរិក បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅតាមមូលដ្ឋានទ័ពមួយចំនួន នៃបណ្ដាប្រទេសជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងលិច ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក ជាពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតឡើងដល់កំពូល។ អាវុធទាំងនេះត្រូវបានបញ្ជូនជាលើកដំបូងទៅកាន់ចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៥៤ និងក្រោយមកទៀត នៅអាល្លឺម៉ង់ អ៉ីតាលី បារាំង តួកគី ហូឡង់ ក្រិក និងបែលហ្ស៉ិក។ បច្ចុប្បន្ន អាវុធនុយក្លេអ៊ែរតាក់ទិករបស់សហរដ្ឋអាមេរិក នៅតែបន្តស្ថិតនៅមូលដ្ឋានទ័ពចំនួន ៦ នៅក្នុងប្រទេសជាសមាជិក NATO ចំនួន៥ រួមមានបែលហ្ស៉ិក អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ និងតួកគី។ ចក្រភពអង់គ្លេស និងបារាំង បានប្រគល់អាវុធនុយក្លេអ៊ែរឱ្យអាមេរិកវិញ បន្ទាប់ពីប្រទេសទំាង២ ផលិតបានអាវុធនុយក្លេអ៊ែរដោយខ្លួនដោយជោគជ័យ។

* តើសហរដ្ឋអាមេរិក មានអាវុធនុយក្លេអ៊ែរប៉ុន្មានគ្រាប់នៅអ៉ឺរ៉ុប?
អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយ ក្នុងតំបន់អឺរ៉ុប បានកើនដល់ចំណុចកំពូល ក្នុងចំនួនច្រើនជាង ៧,០០០គ្រាប់ នៅទសវត្សរ៍ឆ្នាំ១៩៧០។ ចំនួននេះ ត្រូវបានកាត់បន្ថយក្នុងអត្រាឋេរ នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ នៅក្រោមកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ និងដោយសារតែការរលំរលាយ សហភាពសូវៀត។ កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដ៏សំខាន់មួយសម្រាប់សន្តិសុខអឺរ៉ុប ត្រូវបានសម្រេចឡើងក្នុងឆ្នាំ១៩៨៧ នោះគឺកិច្ចព្រមព្រៀងកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយ មធ្យម ឬហៅកាត់ថា INF ដែលបច្ចុប្បន្នបានស្លាប់បាត់ទៅហើយ។ នៅក្រោមកិច្ចព្រមព្រៀង INF សហរដ្ឋអាមេរិក និងសហភាពសូវៀតបានកាត់បន្ថយនូវចំនួនមីស៊ីលអាចពាំក្បាល គ្រាប់នុយក្លេអ៊ែរទាំងរយៈចម្ងាយមធ្យម និងប្រព័ន្ធបាញ់ផងដែរ។ មកទល់នឹងសព្វថ្ងៃ ការស្ដុកទុកអាវុធនុយក្លេអ៊ែររបស់អាមេរិក ក្នុងតំបន់អឺរ៉ុបជាកិច្ចការសម្ងាត់ ប៉ុន្តែក្រុមអ្នកវិភាគ បានវាយតម្លៃថាអាមេរិកនៅមានគ្រាប់បែកនុយក្លេអ៊ែរជាង ១០០គ្រាប់ ស្តុកទុកនៅតាមមូលដ្ឋានទ័ពចំនួន៦ ក្នុងតំបន់អឺរ៉ុប។

* តើអាវុធនុយក្លេអ៊ែរទាំងនោះជាប្រភេទអ្វី?
អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ក្នុងតំបន់អឺរ៉ុប ស្ទើរតែទាំងអស់ជាប្រភេទគ្រាប់បែកនុយក្លេអ៊ែរ «B61» ដែលត្រូវបានរចនាឡើងសម្រាប់ទម្លាក់ចេញពីយន្ដហោះទម្លាក់ គ្រាប់បែក និងយន្ដហោះចម្បាំងរបស់សម្ព័ន្ធមិត្ត។ ត្រូវបានដាក់ឱ្យប្រើប្រាស់អស់រយៈពេលច្រើនជាង ៥០ឆ្នាំមកនេះ និងបានឆ្លងកាត់ការធ្វើទំនើបកម្មជាច្រើនលើក «B61» គឺជា «អាវុធនុយក្លេអ៊ែរតាក់ទិកសេសសល់ចុងក្រោយគេ» ដែលសហរដ្ឋអាមេរិកនៅមាន។ គ្រាប់បែកនេះអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរមានកម្លាំងផ្ទុះរាប់រយគីឡូតោន បើធៀបទៅនឹង គ្រាប់បែកនុយក្លេអ៊ែរ ២គ្រាប់ ទម្លាក់លើទីក្រុងហ៉ីរ៉ូស៉ីម៉ា និងណាហ្កាសាគី ដែលផ្ដាច់ជីវិតប្រជាជនជប៉ុនរាប់សែននាក់ ក្នុងឆ្នាំ១៩៤៥ មានកម្លាំងផ្ទុះត្រឹមតែ១៥គីឡូតោន ​និង២១គីឡូតោន។

* ហេតុអ្វីអាវុធនុយក្លេអ៊ែរទាំងនេះនៅតែបន្តស្ដុកទុកនៅអឺរ៉ុប?
អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយ គឺដើម្បីកំញើញកុំឱ្យសូវៀតបើកការឈ្លានពានណាមួយទាំងតាមសង្រ្គាមទូទៅធម្មតា និងការប្រើអាវុធនុយក្លេអ៊ែរ និងជា បណ្ណធានារ៉ាប់រងសន្តិសុខមួយសម្រាប់សម្ព័ន្ធមិត្ត NATO ក្នុងតំបន់អឺរ៉ុបខាងលិច។ នៅពេលនោះ ចំនួនកងទ័ពរបស់សូវៀត និងបក្សសម្ព័ន្ធវ៉ាសូវី គឺមានចំនួនច្រើនជាង NATO ដូច្នេះ អាវុធនុយក្លេអ៊ែរអាមេរិកអាចបំពេញគម្លាតទាំងនេះបាន។ ចុងបញ្ចប់នៃសង្រ្គាមត្រជាក់ ក្រុមអ្នកយុទ្ធសាស្ត្រយោធា អ្នកនយោបាយ និងក្រុមអ្នកគាំទ្រសនិ្តភាពលោកខាងលិច បាននាំគ្នាចោទសួរពីភាពចាំបាច់នូវការរក្សាទុកមរតកអាវុធនុយក្លេអ៊ែរអាមេរិកក្នុងតំបន់អឺរ៉ុប។ ហើយនេះមិនមែនដោយសារតែសូវៀតដួលរលំ ឬក៏ NATO ត្រូវបានពង្រីកឱ្យធំ នោះទេ ក៏ប៉ុន្តែគឺដោយសារតែអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រអាមេរិក ដូចជាយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចម្ងាយឆ្ងាយ មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM និងអាវុធនុយក្លេអ៊ែរ បាញ់ចេញពីនាវាមុជទឹក គឺសមល្មមគ្រប់គ្រាន់អាចកំញើញសត្រូវ ក្នុងនោះរួមទាំងរុស្ស៉ី។ ម្យ៉ាងវិញទៀត ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយការទម្លាក់ចេញពីយន្ដហោះ វា​ហួស សម័យពេកណាស់ទៅហើយ ដ្បិតងាយប្រឈមនឹងការបាញ់ទម្លាក់ពីប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបៗរបស់សត្រូវ។

តែទោះជាបែបនេះក្ដី ក្រុមអ្នកគាំទ្រឱ្យរក្សាទុកអាវុធនុយក្លេអ៊ែរអាមេរិក ក្នុងតំបន់អឺរ៉ុប យល់ថាអាវុធនុយក្លេអ៊ែរទាំងនោះនៅតែបន្តផ្ដល់ឱ្យ NATO នូវការកំញើញប្រឆាំងនឹងសត្រូវ ដ៏មានតម្លៃ និងជានិមិត្តរូបមិនអាចខ្វះបាននៃការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន។ ក្នុងន័យនេះ ការដកអាវុធនុយក្លេអ៊ែរណាមួយ គឺជាការបញ្ជូនសារមួយ ដ៏គ្រោះថ្នាក់នៃការថយចុះការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ ណាមួយ គេក៏អាចទុកវាដើម្បីតថ្លៃជាមួយរុស្ស៉ីខាងផ្លូវការទូតនៅពេលណាមួយបានផងដែរ ខណៈមូស្គូតែងតែ អំពាវនាវឱ្យអាមេរិកដកអាវុធនុយក្លេអ៊ែរចេញពីអឺរ៉ុប ពោលគឺអាមេរិកមិនត្រូវដកចេញនោះទេ ប្រសិនបើមិនមានសម្បទានធំដំណាមួយពីរុស្ស៉ី។

* ចុះរុស្ស៉ីវិញ មានអាវុធនុយក្លេអ៊ែរនៅទីណាខ្លះ?
ក្រុមអ្នកវិភាគលោកខាងលិច បាននិយាយថារុស្ស៉ីមានកងកម្លាំងនុយក្លេអ៊ែរដូចជា កងកម្លាំងមីស៊ីល ICBM នាវាមុជទឹក និងយន្ដហោះទម្លាក់គ្រាប់បែក នៅតាមមូលដ្ឋានយោធា រាប់សិបកន្លែងនៅទូទាំងប្រទេសដ៏ធំល្វឹងល្វើយរបស់ខ្លួន។ ព្រមពេលជាមួយគ្នា ក្រុមអ្នកវិភាគខាងលិច ក៏ធ្លាប់បាននាំគ្នាចោទសួរដែរថាតើរុស្ស៉ីមានអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ Kaliningrad ជាទឹកដីគ្រប់គ្រងដោយរុស្ស៉ីស្ថិតនៅចន្លោះរវាងសម្ព័ន្ធមិត្ត NATO ប៉ូឡូញ និងលីទុយអានី ដែរឬទេ?

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ក្រុមមន្ត្រីរដ្ឋាភិបាលរុស្ស៉ីត្រូវបានគេរាយការណ៍ដោយបានទទួលស្គាល់ថារុស្ស៉ីបានបញ្ជូនមីស៊ីល Iskander មានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ទៅកាន់តំបន់ Kaliningrad។ រីឯ ក្រុមអ្នកសា្រវជ្រាវលោកខាងលិចបានបញ្ជាក់ថារុស្ស៉ី បានធ្វើបច្ចុប្បន្នភាពទីតាំងនុយក្លេអ៊ែរនៅលើតំបន់មួយនេះ បើទោះជាមិនមានព័ត៌មានជាក់លាក់ ពីវត្តមានក្បាលគ្រាប់នុយក្លេអ៊ែរនៅទីនោះក៏ដោយ។

ដោយឡែក នៅខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសលីទុយអានី បានកត់សម្គាល់ថាអាវុធនុយក្លេអ៊ែរុស្ស៉ី ត្រូវបានរក្សាទុកក្នុងតំបន់ Kaliningrad ជាយូរមកហើយ។ មិនតែប៉ុណ្ណោះ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev ក៏ធ្លាប់បានគំរាមដែរថាប្រសិនបើហ្វាំងឡង់ និងស៊ុយអែត ចូលរួមក្នុងបក្សសម្ព័ន្ធ NATO នោះរុស្ស៉ី ក៏នឹងត្រូវ សម្រេចចិត្តស្ដារតុល្យភាពនុយក្លេអ៊ែរនៅក្នុងតំបន់បាល់ទិកឡើងវិញដូចគ្នាដែរ៕