(វ៉ាស៊ីនតោន)៖ ប្រធានសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy បាននិយាយនៅថ្ងៃចន្ទនេះថា លោកនឹងជួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃពុធសប្តាហ៍នេះ (វេលាម៉ោងក្នុងសហរដ្ឋអាមេរិក) ក្នុងសកម្មភាពមួយដែលចិនបានចាត់ទុកថាជា «ទង្វើបង្កហេតុ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣។
ការិយាល័យរបស់លោកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅថ្ងៃពុធទី០៥ ខែមេសា លោកប្រធានសភា Kevin McCarthy នឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំតៃវ៉ាន់នៅបណ្ណាល័យប្រធានាធិបតី Ronald Reagan»។
គួរបញ្ជាក់ថា លោកស្រី Tsai Ing-wen បានចាកចេញពីកោះតៃវ៉ាន់កាលពីសប្តាហ៍មុនក្នុងដំណើរទស្សនៈការទូតរបស់កោះនេះទៅកាន់អាមេរិកកណ្តាល ដែលលោកស្រីបានចាត់ទុកជា ឱកាសមួយដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ ចំពោះតម្លៃលទ្ធិប្រជាធិបតេយ្យនៅលើឆាកពិភពលោក។
លោកស្រីត្រូវបានគេរំពឹងថា នឹងឈប់សំចតនៅទីក្រុង Los Angeles ក្នុងដំណើរត្រឡប់ទៅតៃវ៉ាន់វិញនៅថ្ងៃទី៥ ខែមេសា។
កាលពីសប្តាហ៍មុន អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Zhu Fenglian បានបរិហារការឈប់សំចតរបស់ លោកស្រី Tsai នៅសហរដ្ឋអាមេរិក ហើយបានទាមទារកុំឱ្យមន្ត្រីអាមេរិកជួបជាមួយលោកស្រី ដោយព្រមានថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើជំនួបនេះពិតជាកើតឡើងមែននោះ៕