(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទនេះបាននិយាយថា ខ្លួននឹងបញ្ឈប់ការធ្វើតេស្តអ្នកធ្វើដំណើរដែលមកពីប្រទេសចិនដីគោក ដើម្បីរកមេរោគឆ្លងកូវីដ១៩​ ទៀតហើយ ដោយបញ្ចប់វិធានការកូវីដ១៩ របស់ខ្លួន ដែលទីក្រុងប៉េកាំងពីមុនហៅថា ជា «ការរើសអើង»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា ចាប់ពីថ្ងៃពុធសប្តាហ៍នេះ អ្នកដែលមកដល់ប្រទេសចិននឹងត្រូវបង្ហាញត្រឹមភស្តុតាងនៃការចាក់ថ្នាំបង្ការ ឬលទ្ធផលអវិជ្ជមានដែលទទួលបានមុនពេលចេញដំណើរ ពោលគឺដូចគ្នានឹងអ្នកដំណើរផ្សេងទៀតទាំងអស់ដែរ។

ការសម្រេចចិត្តនេះនាំមកនូវការបញ្ចប់ការខ្វែងគំនិតគ្នារវាងចិន និងជប៉ុន លើវិធានការព្រំដែនដើម្បីទប់ស្កាត់កូវីដ១៩ ដែលបានចាប់ផ្តើមនៅក្នុងខែមករា។

គួរបញ្ជាក់ថា មុនពេលជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើង ភ្ញៀវទេសចរចិនមានចំនួនប្រហែលមួយភាគបីនៃភ្ញៀវទាំងអស់ទៅកាន់ប្រទេសជប៉ុន។

កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសក៏បាននិយាយផងដែរថា អ្នកដំណើរដែលហោះហើរពីប្រទេសចិន នឹងលែងត្រូវការភស្តុតាងនៃការធ្វើតេស្តអវិជ្ជមានចាប់ពីថ្ងៃទី០៥ ខែមេសាតទៅផងដែរ៕