(អាថែន)៖ ប្រាំសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុតរបស់ប្រទេសក្រិក ដែលបានឆក់យកជីវិតមនុស្ស ៥៧នាក់ សេវាផ្នែកខ្លះបានដំណើរការឡើងវិញហើយនៅថ្ងៃចន្ទ ទី៣មេសានេះ នៅលើខ្សែរថភ្លើងសំខាន់មួយដែលតភ្ជាប់ទីក្រុងអាថែន និងក្រុង Thessaloniki ដែលជាទីក្រុងធំទីពីររបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣។
ផ្លូវនេះជាកន្លែងកើតហេតុកាលពីថ្ងៃទី២៨ ខែកុម្ភៈ រវាងរថភ្លើងដឹកទំនិញ និងរថភ្លើងដឹកអ្នកដំណើរជាង ៣៥០នាក់ ដែលភាគច្រើនជានិស្សិតក្មេងៗ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការតវ៉ាដ៏ខឹងសម្បារជាច្រើនសប្តាហ៍ ហើយនឹងមានផលប៉ះពាល់យ៉ាងសំខាន់សម្រាប់ការបោះឆ្នោតសកលខែឧសភា ខណៈដែលនាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis កំពុងស្វែងរកការរក្សាតំណែងរបស់ខ្លួន។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់អ្នកដំណើរ រដ្ឋមន្ត្រីដឹកជញ្ជូន លោក Giorgos Gerapetritis បានឡើងជើងរថភ្លើងដំបូងនៅថ្ងៃចន្ទនេះ ជាមួយនឹងប្រធានក្រុមហ៊ុនដឹកជញ្ជូន Network Rail Corporation (OSE) និងអ្នកតំណាងក្រុមហ៊ុនរថភ្លើងឯកជន Hellenic Trains ។
លោក Gerapetrits បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «កាតព្វកិច្ចរបស់យើងគឺត្រូវមានសេវាផ្លូវដែកដែលស្របតាមការរំពឹងទុករបស់មនុស្សគ្រប់គ្នា ដែលជាសេវាកម្មផ្លូវដែកទំនើបដែលអាចអភិវឌ្ឍ និងស្ថិតក្នុងចំណោមល្អបំផុតនៅអឺរ៉ុប»។
លោកបានសង្កត់ធ្ងន់ថា «វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។ ប៉ុន្តែវាក៏ជាបំណុលដែលយើងជំពាក់ដល់ជនរងគ្រោះ នៃឧបទ្ទវហេតុដ៏សោកនាដកម្មនេះដែលជីវិតរបស់ពួកគេត្រូវបានបាត់បង់ដោយអយុត្តិធម៌»៕