(មូស្គូ)៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹតដើម្បីបង្កើតមូលនិធិពិសេសមួយ សម្រាប់ផ្តល់ការជួយគាំទ្រដល់ កងទ័ពដែលចូលរួមប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយនិងគ្រួសាររបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសនៅលើវែបសាយរបស់រដ្ឋាភិបាលរុស្ស៉ី វិធានការគាំទ្រខាងលើមានគោលដៅ ជួយធានាឱ្យពលទាហាននានា ដែលបានចូលរួមក្នុងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាប្រពន្ធនិងកូនរបស់ពួកគេ អាចមានជីវភាពរស់នៅមួយដែលសមរម្យ។ លោក ពូទីន បានប្រកាសពីគម្រោងបង្កើតមូលនិធិនេះដំបូង កំលុងការថ្លែងសារនៅរដ្ឋសភារុស្ស៉ី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ពោលគឺជិតគម្រប់ខួប១ឆ្នាំ បន្ទាប់ពីលោកបានបញ្ជូនកងទ័ពចូលឈ្លានពានអ៊ុយក្រែន។
កាលពីពេលនោះ លោកប្រធានាធិបតីរុស្ស៉ីបាននិយាយដូច្នេះថា «ភារកិច្ចរបស់យើងគឺត្រូវផ្តល់ការគាំទ្រដល់គ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រឡាញរបស់ពួកគេ ហើយជួយពួកគេចិញ្ចឹមបីបាច់កូន រួចផ្តល់ឱ្យកូនៗទាំងនោះនូវការអប់រំនិងការងារ។ មូលនិធិនេះនឹងនាំមកនូវ ការផ្តល់ជំនួយជ្រោមជ្រែងដិតដល់ជាងមុន ចំពោះគ្រួសារនៃទាហានដែលបានបាត់បង់ជីវិតលើសមរភូមិ ព្រមទាំងចំពោះអតីតយុទ្ធជននៃប្រតិបត្តិការយោធាពិសេស (សង្រ្គាមនៅអ៊ុយក្រែន) ផ្ទាល់»។
គួរបញ្ជាក់ថា រុស្ស៉ីកម្រផ្តល់ទិន្នន័យណាស់អំពីចំនួនកងទ័ពរបស់ខ្លួន ដែលត្រូវប៉ាន់ប្រមាណថាបានបាត់បង់នៅក្នុងសង្រ្គាមអ៊ុយក្រែន។ យ៉ាងណាក្តី យោងតាមការប៉ាន់ស្មានរបស់អាមេរិក កាលពីខែកុម្ភៈ ឆ្នាំនេះ គឺកងទ័ពរុស្ស៉ីដែលបានស្លាប់និងរបួស មានចំនួនក្បែរ២០០,០០០នាក់៕