(កៀវ)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់រដ្ឋធានីវ៉ាសូវីរបស់ប្រទេស​ប៉ូឡូញ ដែលជាការធ្វើដំណើរចេញក្រៅប្រទេសជាថ្មីម្តងទៀតរបស់លោក ចាប់តាំងពីអ៊ុយក្រែនបាន​រងការឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។

មន្រ្តីប៉ូឡូញបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កំលុងដំណើរទស្សនកិច្ចខាងលើ លោក ហ្សេលេនស្គី នឹងថ្លែងសុន្ទរកថា នៅមជ្ឈមណ្ឌល​ប្រវត្តិសាស្រ្តនៃទីក្រុងវ៉ាសូវី ក្នុងបរិបទនៃអ្វីដែលបានកើតឡើងកាលពីឆ្នាំមុន ដូចជាអំពីការដែលប៉ូឡូញបានខ្នះខ្នែងជួយអ៊ុយក្រែន ហើយផ្តល់ស្វាគមន៍យ៉ាងកក់ក្តៅចំពោះជនភៀសខ្លួន។ លោក ហ្សេលេនស្គី នឹងជួបសមភាគីប៉ូឡូញ លោក អានហ្សិច ឌូដា (Andrzej Duda) រួមទាំងប្រជាជនអ៊ុយក្រែនដែលកំពុងជ្រកកោននៅប៉ូឡូញ។

គួរបញ្ជាក់ថា ប៉ូឡូញដែលជាសមាជិកអង្គការណាតូ (NATO) និងជាប្រទេសជិតខាងរបស់អ៊ុយក្រែន បានដើរតួនាទីជាសម្ព័ន្ធមិត្តដ៏សំខាន់​បំផុតមួយ នៅក្នុងកិច្ចប្រឹងប្រែងរបស់ទីក្រុងកៀវ ក្នុងការប្រយុទ្ធតតាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ហើយបានទទួលជនភៀសខ្លួនអ៊ុយក្រែនរាប់​លាននាក់ឱ្យជ្រកកោន។ មេដឹកនាំប៉ូឡូញក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចដល់រដ្ឋធានីរបស់អ៊ុយក្រែនផងដែរ។ ដោយឡែក មុនទស្សនកិច្ចនៅទីក្រុងវ៉ាសូវី លោកប្រធានាធិបតីអ៊ុយក្រែន ធ្លាប់បានធ្វើដំណើរទៅទីក្រុងវ៉ាស៉ីនតោន ទីក្រុងឡុងដ៍ ទីក្រុងប៉ារីស និងទីក្រុងព្រុចសែលរួចហើយ គិតតាំងពីសង្រ្គាមផ្ទុះឡើង៕