(ឡុងដ៏)៖ សហជីពគ្រូបង្រៀននៅអង់គ្លេសបាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមគ្រូបង្រៀនបានច្រានចោលយ៉ាងលើសលប់ នូវលក្ខខណ្ឌផ្តល់ប្រាក់ឈ្នួលពីសំណាក់រដ្ឋាភិបាល ក្នុងបំណងបញ្ចប់កូដកម្មដែលបង្កការរំខានជាបន្តបន្ទាប់ ហើយពួកគេថានឹងបន្តផ្អាកការងារចំនួនពីរថ្ងៃទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។
សហជីពវិស័យអប់រំជាតិ ដែលជាសហជីពដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ៩៨ភាគរយនៃគ្រូបង្រៀនបានបដិសេធលើ ការផ្តល់ឲ្យពួកគេនូវផ្តល់ថវិកាឧបត្ថម្ភចំនួន ១,០០០ផោន ឬជាង ១,២០០ដុល្លារ ក្នុងឆ្នាំ២០២៣នេះ និងការដំឡើងប្រាក់បៀរវត្សរ៍ជាមធ្យម ៤.៥ភាគរយ នៅឆ្នាំបន្ទាប់។
សហជីពបាននិយាយថា គ្រូបង្រៀននឹងធ្វើកូដកម្មពីរថ្ងៃទៀត គឺនៅថ្ងៃទី២៧ ខែមេសា និងថ្ងៃទី២ ខែឧសភា ខណៈរដ្ឋាភិបាលអះអាងថា ការដំឡើងប្រាក់ខែខ្ពស់ នឹងធ្វើឲ្យកម្រិតអតិផរណាកាន់តែអាក្រក់ទៅ។
គួរបញ្ជា់ថា គ្រូបង្រៀនរាប់ម៉ឺននាក់នៅទូទាំងចក្រភពអង់គ្លេស បានចាត់វិធានការដោយធ្វើកូដកម្មផ្អាកការបង្រៀន នៅឆ្នាំ២០២៣នេះ ដើម្បីទាមទារដំឡើងប្រាក់ខែឱ្យខ្ពស់ជាងកម្រិតអតិផរណា ដែលនាំគ្នាទុកថ្នាក់រៀនជាច្រើនឱ្យនៅទំនេរចោល ហើយដាក់សម្ពាធលើនាយករដ្ឋមន្ត្រី លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ឲ្យដោះស្រាយបញ្ហានេះ៕