(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីងខិន (Antony Blinken) បានទទូចឱ្យ​មានការដោះលែងអ្នកកាសែតម្នាក់ របស់សារព័ត៌មានអាមេរិក Wall Street Journal ដែលទើបត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។

ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «រដ្ឋមន្រ្តី ប៊្លីងខិន បានបង្ហាញក្តីបារម្ភជាទម្ងន់របស់សហរដ្ឋអាមេរិក ជុំវិញការចាប់ឃុំឃាំង អ្នកកាសែតជាពលរដ្ឋអាមេរិកម្នាក់នៅរុស្ស៉ី ដែលជាទង្វើមិនអាចទទួលយកបាន។ លោករដ្ឋមន្រ្តីបានអំពាវនាវឱ្យមានការ​ដោះលែង អ្នកកាសែតរូបនោះវិញជាបន្ទាន់»។ លោកប្រមុខការទូតអាមេរិក បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៉ី គឺលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃអាទិត្យ ទី២ ខែមេសា។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទីភ្នាក់ងារសន្តិសុខរុស្ស៉ី FSB បានប្រកាសពីការឃាត់ខ្លួន បុគ្គលឈ្មោះ អ៉ីវ៉ាន់ ហ្កឺស្កូវិច (Evan Gershkovich) ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Wall Street Journal ប្រចាំការិយាល័យនៅក្នុងទីក្រុងមូស្គូ ក្រោមការចោទប្រកាន់ថា រូបលោកបានលួចប្រមូលព័ត៌មាន អំពីក្រុមហ៊ុនវិស័យការពារជាតិមួយរបស់រុស្ស៉ី ខណៈព័ត៌មានទាំងនោះគឺជា​ការណ៍សម្ងាត់របស់រដ្ឋ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី កំលុងជំនួបកាលពីថ្ងៃអាទិត្យ លោក ឡាវរ៉ូវ ក៏បានប្រាប់ទៅកាន់លោក ប៊្លីងខិន វិញថា វាគឺជារឿងមិនអាចទទួលយកបានទេ ដែលទីក្រុងវ៉ាស៉ីនតោនយកករណីនេះឡូកឡំជាមួយរឿងនយោបាយ ហើយលោកបន្ថែមថា ជោគវាសនារបស់អ្នកកាសែត ហ្កឺស្កូវិច នឹងត្រូវសម្រេចដោយតុលាការក្នុងប្រទេសរុស្ស៉ី។ សារព័ត៌មាន Wall Street Journal បាន​ចេញមុខបដិសេធ ចំពោះការចោទប្រកាន់ដែលថា បុគ្គលិកខ្លួនរូបនេះបានធ្វើសកម្មភាពចារកម្ម៕