(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយថា ឥឡូវនេះទ្វារត្រូវបានបិទសម្រាប់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងអង់ការ៉ា លោក ជេហ្វ ផ្លេក (Jeff Flake) បន្ទាប់ពីមន្រ្តីទូតរូបនេះបានជួប លោក កេម៉ាល គីលីកដារ៉ូគ្លូ (Kemal Kilicdaroglu) ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំនៅតួកគី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។

លោក អឺដូហ្កាន់ បានចោទសួរថា «តើបេសកជនរបស់ លោក បៃដិន កំពុងធ្វើអ្វី? វាជារឿងគួរឲ្យអៀនខ្មាស់ណាស់ នៅពេលដែលលោក ផ្លេក ទៅជួបមេដឹកនាំបក្សប្រឆាំងក្នុងឋានៈជាឯកអគ្គរដ្ឋទូត។ ដៃគូធ្វើទំនាក់ទំនងរបស់អ្នកនៅទីនេះគឺជាប្រធានាធិបតី។ តើ​អ្នក​នឹង​ត្រូវស្នើ​សុំ​ជួប​ប្រធានា​ធិបតី​យ៉ាង​ដោយរបៀបណា បន្ទាប់​ពី​មានរឿងបែបនេះហើយនោះ?»

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតី​តួ​ក​គី​នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី១៤ ខែឧសភា ពោលគឺក្នុងថ្ងៃតែមួយនៃការបោះឆ្នោត​សភា​។ ការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៨ លោក អឺដូហ្កាន់ ទទួលបានសំលេងគាំទ្រ ៥២.៦ភាគរយ៕