(មូស្គូ)៖ រុស្ស៉ីកំពុងមានផែនការបង្កើតកងពលតូចមួយ នៃក្រុមនាវាមុជទឹកពិសេស ដែលនឹងត្រូវផ្ទុកពពួកមីស៉ីលថូភីដូបាញ់ក្រោមផ្ទៃទឹក ហៅថា ផូសាយដុន (Poseidon) ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅមុនដំណាច់ឆ្នាំ២០២៤ ឬកំលុង៦ខែដំបូងនៃឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។
កាលពីខែមករាកន្លងទៅ រុស្ស៉ីបានប្រកាសថា ខ្លួនផលិតបានមីស៉ីលថូភីដូ Poseidon មួយឈុតដំបូងហើយ ពោលគឺរយៈពេល៤ឆ្នាំ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសអំពីអាវុធនុយក្លេអ៊ែរស្រ្តាធីជីគ ឬអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត ដែលមានមូលដ្ឋានគ្រឹះប្រភេទថ្មីសន្លាងមួយនេះ។
ដោយផ្អែកលើប្រភពពីវិស័យការពារជាតិដែលខ្លួនទទួលបាន ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍យ៉ាងដូច្នេះថា «ការសម្រេចចិត្តដើម្បីបង្កើតកងពលតូច នៃក្រុមនាវាមុជទឹកនុយក្លេអ៊ែរពិសេស នៅឧបទ្វីបកាំឆាត់កា (Kamchatka) គឺត្រូវបានធ្វើឡើងហើយ។ វាអាចនឹងសម្រេចបាននៅកំលុងខែធ្នូ ឆ្នាំ២០២៤ ឬក៏កំលុង៦ខែដំបូងនៃឆ្នាំ២០២៥»។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់រុស្ស៉ីកាលពីចុងខែមីនា ហេដ្ឋារចនាសម្ព័ន្ធនៅជាប់ឆ្នេរសមុទ្រ សម្រាប់ក្រុមនាវាមុជទឹកដែលនឹងត្រូវផ្ទុកមីស៉ីល Poseidon នឹងសាងសង់រួចរាល់ជាស្ថាពរនៅឯឧបទ្វីបកាំឆាត់កា ជាទីដែលក្រុមនាវាមុជទឹកផ្ទុកមីស៉ីលបាលិស្ទីគនុយក្លេអ៊ែរ របស់យោធាជើងទឹករុស្ស៉ីប្រចាំតំបន់ប៉ាស៉ីហ្វិកឈរជើង។ យោងតាមក្រុមអ្នកវិភាគយោធា មីស៉ីល Poseidon ទំនងជាអាវុធកូនកាត់រវាងមីស៉ីលថូភីដូរត់ក្រោមទឹកហើយនិងដ្រូន ដែលអាចបាញ់ចេញពីនាវាមុជទឹក ហើយបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕