(ហែលស៉ិនគី)៖ គណបក្សអភិរក្សនិយមធំបំផុតរបស់ប្រទេសហ្វាំងឡង់ បានប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភា ដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ខណៈនាយករដ្ឋមន្រ្តីហ្វាំងឡង់គឺលោកស្រី សានណា ម៉ារីន (Sanna Marin) បានទទួលស្គាល់ភាពបរាជ័យ នៃគណបក្សលោកស្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។
ក្រោយសន្លឹកឆ្នោតត្រូវបានរាប់ចប់រួចរាល់កាលពីថ្ងៃអាទិត្យ គណបក្សអភិរក្សនិយម NCP ដែលជាបក្សប្រឆាំង ទទួលបានសំឡេងគាំទ្រនៅលើគេគឺ២០.៨ភាគរយ។ រីឯឈរនៅលំដាប់ទី២ គឺគណបក្សប្រជានិយម The Finns ជាមួយសំឡេង២០.១ភាគរយ ហើយគណបក្ស Social Democracts របស់លោកស្រី Marin ស្ថិតនៅលេខ៣ ដោយទទួលបានការគាំទ្រ១៩.៩ភាគរយ។
ដោយគណបក្សនាំមុខទាំង៣ សុទ្ធតែទទួលបានសំឡេងគាំទ្រក្បែរៗ ២០ភាគរយដូចគ្នាបែបនេះ គឺពុំមានបក្សមួយណាស្ថិតក្នុងជំហរ ដែលអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងឡើយ។ យ៉ាងណាក្តី មេដឹកនាំគណបក្ស NCP លោក ប៉េតតឺរី អ័រប៉ូ (Petteri Orpo) បានអះអាងថា បក្សលោកទទួលបានសិទ្ធិធំជាងគេ ដូច្នេះហើយកិច្ចចរចាដើម្បីបង្កើតរដ្ឋាភិបាលថ្មី នឹងត្រូវផ្តួចផ្តើមឡើងក្រោមការដឹកនាំរបស់គណបក្ស NCP។ ចំណែកលោកស្រី សានណា ម៉ារីន ដែលមានអាយុ៣៧ឆ្នាំ និងជាមេដឹកនាំដ៏ក្មេងបំផុតម្នាក់របស់អឺរ៉ុប ក៏បានអបអរសាទរដល់គណបក្ស NCP និងគណបក្ស The Finns ផងដែរ។
គួរបញ្ជាក់ថា លោកស្រី ម៉ារីន បានក្លាយជានាយករដ្ឋមន្រ្តីហ្វាំឡង់ កាលពីឆ្នាំ២០១៩ ដែលនៅពេលនោះ លោកស្រីជាប់ឈ្នោះ ជានាយករដ្ឋមន្រ្តីក្មេងជាងគេបំផុតលើលោក។ លោកស្រីទទួលបានការកើតសរសើរពីអន្តរជាតិ សម្រាប់កិច្ចប្រឹងប្រែងគាំទ្រយ៉ាងស្វាហាប់របស់លោកស្រីចំពោះអ៊ុយក្រែន ដែលស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ី រួមទាំងតួនាទីដ៏សំខាន់របស់លោកស្រី រួមជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សាវលី នីនីស្តូ (Sauli Niinisto) សម្រាប់ភាពខ្នះខ្នែងជំរុញពាក្យស្នើសុំសមាជិកភាពអង្គការណាតូ (NATO) របស់ហ្វាំងឡង់ ឱ្យសម្រេចបានជោគជ័យ៕