(គូឡាឡាំពួ)៖ នាយកមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម នៅថ្ងៃចន្ទនេះ បាននិយាយថា ម៉ាឡេស៉ីបានត្រៀមលក្ខណៈរួចស្រេច ដើម្បីនិយាយជាមួយចិន ជុំវិញបញ្ហាវិវាទរវាងប្រទេសទាំងពីរ នៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។
លោក អាន់វ៉ា បាននិយាយយ៉ាងដូច្នេះថា «ចិនក៏កំពុងអះអាងទាមទារចំណែកក្នុងតំបន់នេះដែរ ហើយក្នុងនាមយើងជាប្រទេសតូចមួយ ដែលត្រូវការធនធានប្រេងនិងឧស្ម័ន ពួកយើងត្រូវតែបន្តធ្វើដូចគ្នា ប៉ុន្តែប្រសិនបើមានលក្ខខណ្ឌចាំបាច់ត្រូវចរចាគ្នានោះ គឺយើងត្រៀមរួចជាស្រេចដើម្បីធ្វើការចរចា»។ យោងតាមសារព័ត៌មានម៉ាឡេស៉ី បឺណាម៉ា (Bernama) ការបង្ហាញឆន្ទៈចង់ចរចាខាងលើ ក៏ត្រូវបានលើកឡើង កំលុងជំនួបរវាងលោក អាន់វ៉ា ហើយនិងប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុនផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងនាពេលកន្លងមក ដោយប្រទេសអាស៊ានដទៃទៀត ក្នុងការព្យាយាមចរចាជាមួយចិន ឬក៏ធ្វើប្រតិបត្តិការរុករកធនធានថាមពលរួមគ្នា គឺមិនធ្លាប់សម្រេចបានលទ្ធផលជាដុំកំភួនអ្វីនោះទេ។ ក្រុមហ៊ុនប្រេងរដ្ឋម៉ាឡេស៉ី ផេត្រូណាស់ (Petronas) បាននិងកំពុងធ្វើប្រតិបត្តិការទីតាំងរុករកប្រេង និងឧស្ម័នមួយចំនួន នៅសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ម៉ាឡេស៉ី។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ កប៉ាល់ចិនបានធ្វើដំណើរមកក្បែរៗ កន្លែងធ្វើប្រតិបត្តិការរបស់ ក្រុមហ៊ុន Petronas ដែលជាហេតុនាំឱ្យមានការតវ៉ាពីខាងម៉ាឡេស៉ី៕