(រីយាដ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងនឹងអញ្ជើញប្រធានាធិបតីស៉ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ឲ្យចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ដែលទីក្រុងរីយ៉ាដ ធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភា ខាងមុខ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។
បើតាមប្រភពពីមន្រ្តីដែលដឹងពីផែនការនេះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន (Faisal bin Farhan) នឹងធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស (Damascus) ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីប្រគល់លិខិតអញ្ជើញជាផ្លូវការដល់លោក អាសាដ ឲ្យចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទី១៩ ខែឧសភា ខណៈសកម្មភាពបែបនេះនឹងបញ្ចប់ជាផ្លូវការនូវភាពឯកោក្នុងតំបន់របស់ប្រទេសស៉ីរី។
ការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងក្រសួងការបរទេសនៃប្រទេសទាំងពីរមិនបានឆ្លើយតបទៅនឹងសំណើសុំការបញ្ជក់នោះទេ។
គួរបញ្ជាក់ថា ប្រសិនបើអ្វីៗដំណើរការតាមការគ្រោងទុក ការចូលរួមរបស់លោក អាសាដ នៅក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់នឹងកត់សម្គាល់ពីការអភិវឌ្ឍន៍ដ៏សំខាន់បំផុតនៃការស្តារទំនុកចិត្តចំពោះលោកនៅក្នុងពិភពអារ៉ាប់ គិតចាប់តាំងពីឆ្នាំ២០១១។ លោក អាសាដ ត្រូវបានប្រទេសលោកខាងលិច និងអារ៉ាប់ជាច្រើនធ្វើពហិការជុំវិញការបង្ក្រាបដ៏ឃោរឃៅលើការតវ៉ា ដែលជាអំពើហិង្សានាំឱ្យមានសង្គ្រាមស៊ីវិលអូសបន្លាយមកទល់នឹងពេលនេះ៕