(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញកំពុងកើតមាន ជាពិសេស នៅជុំវិញទីក្រុងបាកមូត (Bakhmut) ហើយក៏បានអរគុណផងដែរដល់ទាហានអ៊ុយក្រែន ខណៈថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ីអះអាងពីការវាយយកបានទីក្រុងមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។

ក្នុងសុន្ទរថាជាវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ជាពិសេសនៅ Bakhmut ស្ថានការណ៍វាពិតជាក្តៅគគុក។ សូមអរគុណដល់ទាហានរបស់យើងដែលកំពុងប្រយុទ្ធ យ៉ាងស្វិតស្វាញនៅទីក្រុងអៅឌីវកា (Avdiivka) ម៉ារីយីនកា (Maryinka) និងបាកមូត (Bakhmut)»

លោកស្រី ហាន់ណា ម៉ាឡាយអឺ (Hanna Maliar) ដែលជាអនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន បាននិយាយថា កងកម្លាំងកំពុងបន្តការពារទីតាំងរបស់ពួកគេ ខណៈកងកម្លាំងរុស្ស៉ី កំពុងរងការខាតបង់។ សម្រាប់ ស្ថានភាពនៅបាកមូត នៅតែតានតឹង។ ប៉ុន្តែរាល់ការសម្រេចចិត្តរបស់យោធា និងគ្រប់ជំហានទាំងអស់ត្រូវបានថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន សមស្របដោយគិតគូរលើភារកិច្ច និងគោលការណ៍នៃលទ្ធភាពយោធារបស់យើង។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី និងមេបញ្ជាការយោធាអ៊ុយក្រែន បានព្រមព្រៀងគ្នាកាលពីខែមីនា ដើម្បីការពារឲ្យបាននូវទីក្រុងបាកមូតពីកណ្តាប់ដៃរុស្ស៉ី ចំពេលមាន ការជជែកដេញដោលជាសាធារណៈ ថាតើវាជាការល្អបំផុតទេក្នុងបន្តការពារទីក្រុងនេះ ឬត្រូវសន្សំកម្លាំងដើម្បីការពារទីតាំងផ្សេងទៀត៕