(កៀវ)៖ ក្រុមទាហានស៉ីឈ្នួល វេកណឺ (Wagner) របស់រុស្ស៉ី នៅថ្ងៃចន្ទនេះ បានប្រកាសជាផ្លូវការពីដណ្តើមបានទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើត អ៊ុយក្រែន ជាទីតាំងនៃការប្រយុទ្ធគ្នាយូរជាងគេនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដោយអះអាងថាទាហានរបស់ខ្លួនឥឡូវនេះកំពុងគ្រប់គ្រងអគាររដ្ឋបាលដ៏សំខាន់នៃទីក្រុង មួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។

លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុន Wagner បានឲ្យដឹងតាមបណ្តាញ Telegram ភ្ជាប់ជាមួយវីដេអូមួយដែលមានបង្ហាញទង់ជាតិ អម ដោយសារយ៉ាងដូច្នេះថា «នេះ​ជា​ក្រុមហ៊ុន​យោធា​ឯកជន Wagner ហើយគឺពួកគេទាំងនេះជាអ្នក​ដណ្តើបានបាកមូត។ មេបញ្ជាការនៃអង្គភាពកំពុងកាន់កាប់សាលាក្រុងបាកមូត ដោយទីតាំងទាំងមូលមានដោតទង់ជាតិរុស្ស៉ី»។ តែខាងអ៊ុយក្រែន នៅតែទទូចថាកងកម្លាំងរបស់ខ្លួនកំពុងតស៊ូប្រយុទ្ធការពារទីក្រុងបាកមូត។

គួរបញ្ជាក់ថា ក្រុមទាហាស៉ីឈ្នួល Wagner បានគាំទ្រប្រតិបត្តិការរបស់កងទ័ពរុស្ស៊ីពេញមួយការវាយលុកដើម្បីឡោមព័ទ្ធទីក្រុងបាកមូត ដែលភាគីទាំងពីរបានចំណាយកម្លាំង វាយលុកយ៉ាងច្រើន ទោះបីជាមានការអះអាងពីក្រុមអ្នកវិភាគថាទីក្រុងនេះមានតម្លៃជាយុទ្ធសាស្ត្រតិចតួចក៏ដោយ៕