(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងរៀបចំសមយុទ្ធប្រឆាំងនាវាមុជទឹករយៈពេល ២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះ ដើម្បីទប់ទល់នឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៉ីលដែលកំពុងរីកចម្រើនទៅមុខរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។

សមយុទ្ធនេះនឹងត្រូវធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ក្បែរកោះចេជូ (Jeju) ស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ខណៈកងនាវាចម្បាំងដឹកនាំដោយ នាវាផ្ទុកយន្តហោះ ចម្បាំងអាមេរិក USS Nimitz បានមកដល់ទីក្រុងប៊ូសានភាគអាគ្នេយ៍ហើយកាលពីសប្តាហ៍មុន។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងបន្ថែមថា សមយុទ្ធយោធានេះនៅសប្តាហ៍នេះ នឹងប្រើប្រាស់ជាគោលដៅហាត់សមធ្វើសង្គ្រាមប្រឆាំងនាវាមុជទឹក ដើម្បីបង្កើន សមត្ថភាពដែលត្រូវការស្វែងរក តាមដាន និងបំផ្លាញការគំរាមកំហែងក្រោមបាតសមុទ្រពីសំណាក់កូរ៉េខាងជើង។

គួរបញ្ជាក់ថា សមយុទ្ធត្រីភាគីនេះ កើតឡើងក្រោយពេលដែលកូរ៉េខាងជើង ទើបនឹងបានបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរដែលមានទំហំតូចជាងមុន ហើយប្តេជ្ញាពង្រីកឃ្លាំងអាវុធ នុយក្លេអ៊ែរបន្ថែមទៀត ក៏ដូចជាសម្ញែងដ្រូនមុជទឹកថ្មីមួយដែលមានសមត្ថភាពវាយប្រហារដោយបំផ្ទុះអាវុធនុយក្លេអ៊ែរ នៅក្រោមបាតសមុទ្រ៕