(មីនស្កិ៍)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំបេឡារុស បាននិយាយថារុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់ខ្លួន នៅឯតំបន់ព្រំដែននៃប្រទេសបេឡារុស ជាប់ជាមួយ NATO ខណៈភាពតានតឹងជាមួយលោកខាងលិចកាន់តែឡើងកម្ដៅខ្លាំង ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។

ជាសារកំញើញមួយទៅកាន់បណ្ដាប្រទេសលោកខាងលិច ដែលកំពុងផ្ដល់ការគាំទ្រដល់អ៊ុយក្រែន លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅថាទីក្រុងមូស្គូ នឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅក្នុងប្រទេសបេឡារុស។ រុស្ស៉ី និងបេឡារុស បានបង្កើតយន្ដការសន្តិសុខរួមមួយមានឈ្មោះថា «រដ្ឋសហភាព» «union state» ដែលកាន់តែមានភាពរីកចម្រើនទៅមុខ នៅបន្ទាប់ពីទីក្រុងមីនស្កិ៍ អនុញ្ញាតឱ្យរុស្ស៉ីប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីបញ្ជូនកងទ័ពចូលអ៊ុយក្រែន កាលពីឆ្នាំ២០២២។

ថ្លែងប្រាប់ទូរទស្សន៍រដ្ឋបេឡារុស កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំបេឡារុស លោក បូរីស ហ្គ្រីស្លូវ (Boris Gryzlov) បានគូសបញ្ជាក់ដូច្នេះថា «អាវុធ (នុយក្លេអ៊ែរតាក់ទិក) នឹងត្រូវបានបញ្ជូនទៅកាន់ព្រំដែនភាគខាងលិចនៃរដ្ឋសហភាពរបស់យើង ហើយយើងនឹងបង្កើនសមត្ថភាពដើម្បីការពារសន្តិសុខ»។ លោក ហ្គ្រីស្លូវ មិនបានបញ្ជាក់លម្អិតពីតាំងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះនោះទេ ក៏ប៉ុន្តែបានទទួលស្គាល់ថាការរៀបចំនឹងត្រូវបញ្ចប់ទាំងស្រុង តាមបញ្ជារបស់លោក ពូទីន នៅថ្ងៃទី១ ខែកក្កដាខាងមុខ ហើយអាវុធនុយក្លេអ៊ែរនឹងត្រូវបញ្ជូនទៅកាន់ព្រំដែនភាគខាងលិចរបស់បេឡារុស។

គួរបញ្ជាក់ថា បេឡារុស មានព្រំដែនជាប់ប្រទេសលីទុយអានី និងឡេតូនី នៅភាគខាងជើង និងភាគខាងលិចជាប់ជាមួយប្រទេសប៉ូឡូញ ហើយដែលប្រទេសទាំង៣នេះ សុទ្ធសឹង តែជាសមាជិកបក្សសម្ព័ន្ធយោធា​​ NATO៕