(មូស្គូ)៖ អ្នកសរសេរប្លុកយោធា (military blogger) ដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសរុស្ស៉ី លោក វ្ល៉ាដ្លិន តាតាស្គី (Vladlen Tatarsky) ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកមួយនៅឯហាងកាហ្វេ មួយកន្លែង ក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។

គណៈកម្មាធិការស៊ើបអង្កេតមួយរបស់រុស្ស៉ី បាននិយាយថាខ្លួនកំពុងបើកការស៊ើបអង្កេតលើអំពើឃាតកម្មនេះហើយ ខណៈមនុស្ស២៥នាក់ក៏បានរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនោះដែរ ដោយ ក្នុងនោះមនុស្ស១៩នាក់ ក្នុងចំណោមអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗ មិនទាន់មានព័ត៌មានថាតើនរណាជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះទេ រីឯថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) បាននិយាយថាលោកនឹងមិនទម្លាក់ការទទួលខុសត្រូវលើទីក្រុងកៀវឡើយ។ ក៏ប៉ុន្តែ ក្រុមមន្ត្រីរុស្ស៉ីខ្លះបានចោទប្រកាន់ថាវាគឺជាស្នាដៃរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ខាងក្រសួងការបរទេសរុស្ស៉ី ក៏មិនបានធ្វើការចោទប្រកាន់ណាមួយនោះដែរ ប៉ុន្តែបាននិយាយថាភាពស្ងៀមស្ងាត់របស់លោកខាងលិចចំពោះអំពើឃាតកម្មលើលោក តាតាស្គី គឺបង្ហាញពីស្ដង់ដារ ពីររបស់លោកខាងលិចជុំវិញការបង្ហាញការព្រួយបារម្ភចំពោះអ្នកកាសែត។ លោក តាតាស្គី ដែលមានឈ្មោះពិតថា ម៉ាស៊ីម ហ្វូមីន (Maxim Fomin) មានអ្នកតាមដានជាង ៥៦០,០០០នាក់ នៅលើ បណ្ដាញទំនាក់ទំនងសង្គម Telegram និងជាអ្នកសរសេរប្លុកយោធាដ៏ល្បីល្បាញម្នាក់តែងតែរិះគន់ថ្នាក់ដឹកនាំយោធារុស្ស៉ីធំៗ សម្រាប់បរាជ័យកន្លងមកក្នុងសង្រ្គាមអ៊ុយក្រែន។ រដ្ឋាភិបាលអ៊ុយក្រែន មិនបាន ធ្វើអត្ថាធិប្បាយអ្វីឡើយ៕