(វ៉ាស៊ីនតោន)៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏សាហាវដែលបានវាយប្រហារលើទីក្រុងជាច្រើន ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង និងតំបន់ Midwestern របស់សហរដ្ឋអាមេរិក បានកើនដល់ ៣២នាក់ គិតត្រឹមកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣។

ខ្យល់ព្យុះដ៏ខ្លាំងក្លាបានវាយប្រហារលើបណ្ដារដ្ឋ របស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ (ម៉ោងនៅអាមេរិក) ដោយបង្កការខូចខាតដល់ផ្ទះ ហាងទំនិញ និងធ្វើឱ្យដើមឈើជាច្រើន ដួលរលំ ខណៈមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ជាបណ្ដោះអាសន្ន។ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថានៅឯទីក្រុង Memphis រដ្ឋ Tennessee មានក្មេង២នាក់ និងមនុស្សពេញវ័យម្នាក់ត្រូវបានគេប្រទះ ឃើញស្លាប់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ក្រោយខ្យល់ព្យុះបានរំលំដើមឈើសង្កត់ផ្ទះជាច្រើនខ្នង។ ចំណែកឯ ជនរងគ្រោះដែលបានបាត់បង់ជីវិតដទៃទៀត ក៏ត្រូវបានគេរាយការណ៍ដែរថា នៅក្នុងរដ្ឋ Arkansas Illinois Indiana Delaware Mississippi និងរដ្ឋ Alabama ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ លោក ចូ បៃដិន និងភរិយា បានបន់ស្រន់ដល់អ្នកដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះ និងបញ្ជាឱ្យក្រុមមន្ត្រីអាមេរិកផ្ដល់ជំនួយចាំបាច់ នានាជាបន្ទាន់ និងការជួសជុលការខូចខាតឡើងវិញ៕