(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន​ លោក Yoshimasa Hayashi បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា លោកបានធ្វើការតវ៉ាយ៉ាងខ្លាំងក្នុងអំឡុងពេលជួបជាមួយសមភាគីចិន ជុំវិញការឃុំខ្លួនពាណិជ្ជករជប៉ុនកាលពីពេលថ្មីៗនេះ ហើយបានអំពាវនាវឱ្យមានការដោះលែងពលរដ្ឋរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣។

លោក Hayashi កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន និងបានជួបជាមួយសមភាគីរបស់ លោក Qin Gang​ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងប៉េកាំង សម្រាប់រដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាលជប៉ុនក្នុងរយៈពេលជាងបីឆ្នាំ ខណៈដែលប្រទេសទាំងពីរស្វែងរកចំណុចរួមចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។

លោក Hayashi បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយ លោ​ Qin ថា លោកក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ផ្តល់​តម្លាភាព​ក្នុង​ដំណើរការ​តុលាការផងដែរ។ អ្នកជំនួញដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនកាលពីខែមុន គឺជាបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនឱសថជប៉ុន Astellas Pharma។

លោក Hayashi បានបន្ថែមថា លោក និង​ លោក Qin បានយល់ព្រមរក្សាទំនាក់ទំនងជិតស្និទ្ធ «គ្រប់កម្រិត» ដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងរវាងមេដឹកនាំ និងរដ្ឋមន្ត្រីការបរទេសផងដែរ។

ទន្ទឹមគ្នានោះ ក្នុងកំលុងប្រជុំ លោក Hayashi បានក៏និយាយថា ប្រទេសជប៉ុន និងចិនបានប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវអ្វីដែលនាយករដ្ឋមន្ត្រី លោក Fumio Kishida និងមេដឹកនាំចិន Xi Jinping បានជួបនៅក្នុងកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរកាលពីខែវិច្ឆិកា បើទោះបីជា «បញ្ហាប្រឈមជាច្រើន» ក៏ដោយ។

ដោយឡែក​ លោ​ក Qin បានចង្អុលបង្ហាញថា ឆ្នាំនេះជាខួបលើកទី ៤៥នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពទ្វេភាគីឆ្នាំ ១៩៧៨ ហើយថា ជម្រើសត្រឹមត្រូវគួរតែត្រូវបានធ្វើឡើងដើម្បីគោរពស្មារតីនៃកិច្ចព្រមព្រៀង។

លោកបានសន្យាថា នឹងធ្វើការជាមួយ Hayashi ដើម្បីជំរុញការផ្លាស់ប្តូរ និងការសន្ទនាបន្ថែមទៀតដើម្បីឱ្យប្រទេសទាំងពីរអាច «ឆ្ពោះទៅមុខដោយនឹងជម្នះនូវរាល់ឧបសគ្គ»

គួរបញ្ជាក់ថា លោក Hayashi ដែលជារដ្ឋមន្ត្រីការបរទេសជប៉ុនដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩ បានជួបកាលពីល្ងាចថ្ងៃអាទិត្យជាមួយនាយករដ្ឋមន្ត្រី លោក Li Qiang ដែលបានចូលកាន់តំណែងកាលពីខែមុន។ លោក​ក៏​មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​លោក Wang Yi អ្នក​ការទូត​កំពូល​របស់​ប្រទេស​ចិន​ផង​ដែរ៕