(កៀវ)៖ រដ្ឋមន្ត្រីកីឡានៃប្រទេសអ៊ុយក្រែន លោក វ៉ាឌីម ហ៊ូតសេត (Vadym Huttsait) បាននិយាយថាសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានផ្ដាច់យកជីវិតអត្តពលិក អ៊ុយក្រែន ២៦២នាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកីឡា ៣៦៣កន្លែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។

លោក Huttsait ធ្វើការកត់សម្គាល់ខាងលើ ក្នុងជំនួបជាមួយប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ កាលពីថ្ងៃសៅរ៍ ទី១ ខែមេសា។ នៅក្នុងជំនួបនោះដែរ រដ្ឋមន្ត្រីកីឡាអ៊ុយក្រែនរូបនេះ បានទទូចថាអត្តពលិករុស្ស៉ីទាំងអស់មិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឬកីឡាប្រកួតប្រជែងដទៃទៀតនោះទេ។ លោក Huttsait បានបញ្ជាក់ដូច្នេះថា «ពួកគេ (អត្តពលិករុស្ស៉ី) បានគាំទ្រសង្រ្គាមមួយនេះ ហើយបានចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនដែលរៀបចំឡើងជាការបង្ហាញការគាំទ្រដល់សង្រ្គាមនេះ»។

គួរបញ្ជាក់ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ កាលពីពេលថ្មីៗនេះ បានផ្ដល់អនុសាសន៍សម្រាប់ការអនុញ្ញាតឱ្យអត្តពលិករុស្ស៉ី និងបេឡារុស អាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ឡើងវិញបន្តិចម្ដងៗ។ ប៉ុន្តែ មិនទាន់មានការសម្រេចចិត្តណាមួយលើការអនុញ្ញាត្តឱ្យអត្តពលិកនៃប្រទេសទាំង២ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស នៅឆ្នាំ២០២៤ ដែរឬ ក៏យ៉ាងណានោះទេ។ ចំណែកឯ ខាងអ៊ុយក្រែនវិញ បញ្ជាក់ថាអត្តពលិករបស់ខ្លួននឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទេ ប្រសិនបើពួកគេត្រូវប្រកួតជាមួយអត្តពលិករុស្ស៉ី ហើយដែលការសម្រេចចិត្តនេះរងការរិះគន់ពីគណៈកម្មាធិការអូឡាពិកអន្តរជាតិ៕