(សេអ៊ូល)៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង (Kim Yo Jong) បានចោទប្រកាន់អ៊ុយក្រែនថាមានមហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ ដោយសំអាងលើញត្តិមួយនៅលើបណ្ដាញអ៉ិនធើណិត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី១ ខែមេសា និងដោយដកស្រង់សម្ដីរបស់ប្អូនស្រីលោក គីម ជុងអ៊ុន បានឱ្យដឹងថាអ្នកនាង គីម យ៉ូជុង បាននិយាយថាញត្តិរបៀបនោះគឺជាការប៉ុនប៉នខាងនយោបាយរបស់ការិយាល័យលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ប៉ុន្តែ មិនបានផ្ដល់ភស្តុតាងដើម្បីបញ្ជាក់ពីការ អះអាងរបស់ខ្លួនឡើយ។

គួរបញ្ជាក់ថា នៅបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី ពូទីន ប្រកាសកាលពីសប្ដាហ៍មុនពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ស្រាប់តែញត្តិមួយត្រូវបានបញ្ជូនទៅ កាន់គេហទំព័រនៃការិយាល័យលោក ហ្សេលេនស្គីកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយអំពាវនាវឱ្យមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីអ៊ុយក្រែន ឬក៏ឱ្យអ៊ុយក្រែនមានអាវុធ នុយក្លេអ៊ែរផ្ទាល់ខ្លួនតែម្ដង។ គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី១ ខែមេសា ញត្តិនេះមានអ្នកចុះហត្ថលេខាគាំទ្រ ៦១១នាក់ ហើយបើចង់បានចម្លើយតបពីលោក ហ្សេលេនស្គី ញត្តិនេះត្រូវតែ ប្រមូលឱ្យបានហត្ថលេខា ២៥,០០០នាក់៕