(ដាម៉ាស)៖ ក្រសួងការពារជាតិស៉ីរី បាននិយាយថាអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីតាំងមួយចំនួន ស្ថិតនៅក្នុងខេត្តហូម (Homs) ដោយបណ្ដាលឱ្យទាហានស៉ីរី ៥នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣។

ការវាយប្រហារតាមផ្លូវអាកាសខាងលើរបស់អ៉ីស្រាអែល ធ្វើឡើងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) ដែលជាការវាយប្រហារលើកទី៣ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃថ្មីៗនេះ និងកើតឡើង ក្រោយការវាយប្រហារមួយផ្សេងទៀតរបស់អ៉ីស្រាអែលកាលពីថ្ងៃសុក្រ បានសម្លាប់មន្ត្រីម្នាក់របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិស៉ីរី ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនក៏បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលមួយចំនួនផងដែរ។ ក៏ប៉ុន្តែខាងអ៉ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញការអះអាងរបស់ទីក្រុងដាម៉ាស៕